ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះ ៧មករា បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតដ៏ស្វិតស្វាញចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការចូលរួមទស្សនា និងអបអរសាទរយ៉ាងច្រើនកុះករ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។
ពិធីបិទការប្រកួតកីឡាបាល់ទះដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្ដ្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រុមចូលរួមទាំងអស់ផងដែរ។
សម្រាប់លទ្ធផលផ្លូវការ នៃការប្រកួតរយៈពេល ៤ថ្ងៃកន្លងមក ចំពោះផ្នែកបុរស គឺក្រុមសមាគមកីឡាបាល់ទះវិសាខា បានលើកពាន បន្ទាប់ពីវាយបកឈ្នះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-២ សិត និងលេខ៣ បានទៅក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ រីឯផ្នែកនារី គឺក្រុមបាល់ទះមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានលើកពាន ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-១ សិត និងក្រុមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទទួលបានលេខ៣ ៕ អត្ថបទ លី ឈុនឡា




