រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បាននិយាយកាលពីថ្ងៃអាទិត្យទី៥ ខែមករា ថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិករដ្ឋជាច្រើនចំនួន៤០០ភាគរយនៅខែក្រោយ បន្ទាប់ពី ក្រសួង បានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ការដំឡើង ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់១,៦៥ពាន់ពាន់លានផោនស៊ីរី ឬប្រហែល១២៧លានដុល្លារអាមេរិកក្នុងអត្រាបច្ចុប្បន្ន ដែលនឹងត្រូវបានផ្តល់ហិរញ្ញវត្ថុដោយធនធានរដ្ឋមានស្រាប់ បូករួមទាំងជំនួយក្នុងតំបន់ ការវិនិយោគថ្មី និងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចេញទ្រព្យសកម្មរបស់ស៊ីរី នៅក្រៅប្រទេស។

លោក Mohammed Abazeed រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា នេះគឺជាជំហ៊ានដំបូង ឈានទៅរកដំពោះស្រាយបន្ទាន់ចំពោះការពិតនៃសេដ្ខកិច្ច នៅក្នុងប្រទេស។ វិធានការទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយដោយរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ប្រទេសស៊ីរី ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្ម រយៈពេល១៣ ឆ្នាំមកនេះ។
លោក Abazeed បាននិយាយថា ប្រាក់ខែបុគ្គលិករដ្ឋរបស់ប្រទេសស៊ីរី ក្រោមរបបរបស់លោកប្រធានាធិបតី Bashar al-Assad ដែលត្រូវបានផ្តួលរំលំ គឺមានប្រហែល២៤ដុល្លារក្នុងមួយខែ ដោយធ្វើឱ្យពួកគេស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ រួមជាមួយប្រជាជនជាច្រើនរបស់ប្រទេស។
ការដំឡើងនេះ ធ្វើឡើងតាមការវាយតម្លៃដ៏ទូលំទូលាយនៃបុគ្គលិករដ្ឋដែលត្រូវបានចុះឈ្មោះចំនួន១,៣លាននាក់ ដើម្បីដកចេញបុគ្គលិកក្លែងក្លាយពីបញ្ជីប្រាក់ខែ ហើយវានឹងប៉ះពាល់ដល់អ្នកដែលមានជំនាញគ្រប់គ្រាន់ និងជំនាញចាំបាច់សម្រាប់ការស្តារឡើងវិញ។