រុស្ស៊ី៖ ក្រុមអ្នកពន្លត់អគ្គិភ័យកាលពីថ្ងៃពុធព្យាយាមពន្លត់អណ្ដាតភ្លើងកំពុងឆាបឆេះនៅក្នុងតំបន់ tundra របស់ប្រទេសរុស្ស៊ី ស្របពេលសីតុណ្ហភាពធ្លាក់ចុះក្រោមសូន្យ។ អ្នកពន្លត់អគ្គិភ័យលោក Alexander Bashaev បាននិយាយខណៈកំពុងពន្លត់ភ្លើងឆេះវាលស្មៅដោយប្រើមែកឈើថា យើងមិនអាចទទួលបានការដឹកជញ្ជូនទឹកទេ។
ពេលនេះរថយន្តដឹកទឹកកំពុងនៅតាមផ្លូវ ប៉ុន្តែទឹកកកអស់ហើយ ព្រោះអាកាសធាតុនៅខាងក្រៅត្រជាក់ខ្លាំងពេក។ ភ្លើងដែលបានឆាបឆេះនៅក្នុងតំបន់ Magadan ក្នុងភាគខាងកើតផុតរបស់រុស្ស៊ីគឺជាភ្លើងឆេះមួយ ក្នុងចំណោមភ្លើងជាច្រើនដែលបានឆេះនៅពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ី។ ភ្លើងបានឆាបឆេះវាលស្មៅស្ងួតដែលស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រពីភូមិ Arman ជាទីដែលសីតុណ្ហភាពត្រជាក់បានធ្លាក់ចុះដល់ ១៧អង្សាក្រោមសូន្យនៅពេលព្រឹក។ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិក Joseph Biden បានលើកបញ្ហាភ្លើងឆេះនៅតំបន់ tundra និងបានរិះគន់មេដឹកនាំរុស្ស៊ីដែលមិនចូលរួមសន្និសីទស្ដីពីបម្រែបម្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិដែលនៅតែបន្តនៅក្នុងទីក្រុង Glasgow។
ប៉ុន្តែអ្នកនាំពាក្យទីក្រុងក្រឹមឡាំងលោក Dmitry Peskov បានវាយបកទៅលើសម្ដីរបស់លោក Biden វិញដោយនិយាយ ខណៈដែលលោកទទួលស្គាល់ពីភ្លើងកំពុងឆេះនៅតំបន់ tundra ថា កុំភ្លេចថាភ្លើងក៏កំពុងឆាបឆេះនៅក្នុងរដ្ឋ California នៅក្នុងប្រទេសទួរគី និងប្រទេសផ្សេងទៀតនៅលើពិភពលោកដែរ។ ហើយទាំងនេះក៏ជាផលលំបាកនៃបម្រែបម្រួលអាកាសធាតុ ដែលយើងទាំងអស់គ្នាកំពុងប្រឈមដូចគ្នា៕
អត្ថបទ៖ សុខមាន