ប្រទេសហ្វីលីពីន បានដាក់ពង្រាយធនធានទាំងដែនទឹក និងអាកាសរបស់យោធា និងឆ្មាំល្បាតឆ្នេរ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ដើម្បីតាមដាននាវាឆ្មាំល្បាតឆ្នេរធំបំផុតរបស់ចិន ដោយហៅវត្តមានរបស់នាវានេះថា ជាទង្វើនៃ «ការគំរាមកំហែង ការដាក់សម្ពាធ និងការឈា្លនពាន» របស់ចិន។
យោងតាមឆ្មាំល្បាតឆ្នេរហ្វីលីពីន បានឲ្យដឹងថា នាវាប្រវែង ១៦៥ម៉ែត្រ លេខ 5901 ដែលហ្វីលីពីនឲ្យឈ្មោះថា «នាវាដ៏ធំចម្លែក» មានវត្តមាននៅចម្ងាយពី ៦៥ ទៅ ៧០ម៉ាយល៍ណត់ ម្ដុំឆ្នេរសមុទ្រនៃខេត្ត Zambales កាលពីថ្ងៃអាទិត្យ (ទី៥ ខែមករា)។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បានប្រាប់ទូរទស្សន៍រដ្ឋនៅថ្ងៃទី៦ ខែមករានេះថា៖ «យើងដាក់ធនធានទាំងអស់របស់យើងតម្រង់ទៅនាវាដ៏ធំចម្លែកនោះ។ នៅពេលនាវានោះ អនុវត្តនូវសកម្មភាពបង្កហេតុណាមួយ ការឆ្លើយតបដ៏សមស្រប នឹងត្រូវបានធ្វើឡើង»។
ពាក់ព័ន្ធនឹងករណីនេះ ស្ថានទូតចិន ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ចំណងមិត្តភាព រវាងចិន និងប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក គឺហ្វីលីពីន បានជួបប្រទះនឹងភាពអាប់អួ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការប៉ះទង្គិចគ្នាជាញឹកញាប់ ខណៈដែលទីក្រុងម៉ានីល ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Ferdinand Marcos Jr បានតបតទៅវិញនូវអ្វីដែលខ្លួនមើលឃើញថា ជាការឈា្លនពានរបស់ទីក្រុងប៉េកាំង។
តែប្រទេសចិនបានចោទហ្វីលីពីនម្តងហើយម្តងទៀតថា បានទន្ទ្រានចូលក្នុងដែនទឹករបស់ខ្លួន។ ក្នុងនាមជាផ្លូវដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មតាមនាវា ដែលមានតម្លៃប្រចាំឆ្នាំចំនួន ៣សែនកោដិដុល្លារ ចិនទាមទារដោយភាគច្រើននូវតំបន់នៃសមុទ្រចិនខាងត្បូងថា ជាទឹកដីរបស់ខ្លួន ដោយមានវត្តមានឆ្មាំល្បាតឆ្នេរក្នុងចំនួនដ៏ច្រើន ទាំងនៅក្នុង និងជុំវិញតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសជិតខាងវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី៕

