ភាគហ៊ុនអាស៊ី បានកើនឡើងនៅថ្ងៃអង្គារ (០៧ មករា) នេះ ដោយតាមដានការរំពឹងទុកជាវិជ្ជមានរបស់ទីផ្សារភាគហ៊ុនអាមេរិក Wall Street ហើយខណៈដែលវិនិយោគិនមួយចំនួនសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump អាចប្រកាន់យកជំហរបន្ធូរបន្ថយពន្ធគយ ជាជាងការសន្យាដាក់ពន្ធយ៉ាងច្រើនកាលពីមុន នៅពេលលោកចូលកាន់តំណែង។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួយការរបស់លោក Trump កំពុងស្វែងរកផែនការពន្ធដែលនឹងត្រូវអនុវត្តចំពោះគ្រប់ប្រទេស ប៉ុន្តែគ្របដណ្តប់លើវិស័យមួយចំនួនដែលចាត់ទុកថាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ឬសេដ្ឋកិច្ចប៉ុណ្ណោះ នៅក្នុងអ្វីដែលនឹងតំណាងឱ្យការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីការសន្យាដែលលោក Trump បានធ្វើក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤ របស់ខ្លួន។

សន្ទស្សន៍ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក នៅខាងក្រៅប្រទេសជប៉ុន បានកើនឡើង ០,១៦% នៅក្នុងវគ្គជួញដូរដំបូងនៅអាស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានកើនឡើង ២% ដែលត្រូវបានជំរុញដោយកំណើនភាគហ៊ុនបច្ចេកវិទ្យា។

ខណៈពេលដែលព័ត៌មានដំបូងនេះបានធ្វើឱ្យភាគហ៊ុនឡើងថ្លៃ និងប្រាក់ដុល្លារធ្លាក់ចុះ ការបដិសេធជាបន្តបន្ទាប់របស់លោក Trump នៅលើវេទិកាសង្គម Truth Social របស់លោក បន្តផ្ដល់ភាពរង្គោះរង្គើនៅទីផ្សារអាមេរិក។ លោក Khoon Goh ប្រធានផ្នែកស្រាវជ្រាវអាស៊ីនៅធនាគារ ANZ បានព្រមានថា "ពុំមាននរណាម្នាក់អាចដឹងច្បាស់ទេថា តើប្រភេទពន្ធគយ ឬគោលនយោបាយពាណិជ្ជកម្មបែបណាដែលរដ្ឋបាលលោក Trump នឹងអនុវត្ត ដូច្នេះមិនអាចរំពឹងអ្វីទុកបានឡើយ"៕