ពោធិ៍សាត់ ៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ បានបង្ហាញឆន្ទៈធ្វើឱ្យក្រុងពោធិ៍សាត់ គ្មានសំរាម ទៅពេលអនាគត ដើម្បីសោភណភាពក្រុង បរិស្ថានល្អ និងសុខុមាលភាពពលរដ្ឋល្អ។
កាលពីម្សិលមិញ ឯកឧត្ដម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានលើកយកបញ្ហាសំរាមក្នុង ក្រុងពោធិ៍សាត់ មកពិភាក្សាជាមួយអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងសំរាម ដើម្បីរកដំណោះស្រាយ ធ្វើយ៉ាងណាឱ្យការគ្របគ្រងបញ្ហាសំរាម ការប្រមូលសំរាមមានភាពល្អប្រសើរ មិនកកស្ទះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការរស់នៅរស់ប្រជាពលរដ្ឋ និងបាត់បង់សោភណភាពក្រុង។
ឯកឧត្តម បានលើកឡើងថា បច្ចុប្បន្នការប្រមូលសំរាម ក្នុងក្រុងពោធិ៍សាត់ មិនទាន់ទទួលបាន ជោគជ័យនោះទេ គឺនៅសល់សំរាមច្រើនណាស់ ហើយមធ្យោបាយដឹកជញ្ជូន ក៏មានតិចដែរ។ មានឡាន ដឹកសំរាមតែពីរទៅបីគ្រឿងប៉ុណ្ណោះ និងមានសភាពចាស់ៗទៅហើយ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តទទួលបន្ទុកការងារគ្រប់គ្រងសំរាម បានឱ្យដឹងថា ចាប់តាំងពី ឆ្នាំ២០១៦មក សំរាមក្នុងក្រុងពោធិ៍សាត់ មានការកើនឡើងជានិច្ច រហូតដល់ឆ្នាំនេះ កើនដល់ចំនួន៤០ តោន ក្នុងមួយថ្ងៃ។ ពីមុនមានក្រុមហ៊ុនពីរ បានធ្វើការប្រមូលសំរាម តែឥឡូវ បានដួលរលំទៅហើយ បច្ចុប្បន្នការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ គឺក្រុមយុវជន ជាអ្នកម៉ៅការប្រមូល។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន ទីលានចាក់សំរាមពេញ ផ្លូវចូលតូច ពិបាកក្នុងការដឹកជញ្ជូន ទើបធ្វើ ឱ្យកកស្ទះសំរាម។ ប្រសិនបើទីលានចាក់សំរាមថ្មី ត្រូវបានសាងសង់រួចរាល់ ហើយក្រុមហ៊ុនម៉ៅការប្រមូល សំរាមបន្ថែមគ្រឿងចក្រនោះការប្រមូលសំរាមក្នុងក្រុងពោធិ៍សាត់ នឹងល្អប្រសើរ ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានផ្តល់អនុសាសន៍ណែនាំ ឱ្យគិតគូរពីមធ្យោបាយ ក្នុងការដឹកជញ្ជូនសំរាម និងទីតាំងស្តុកដំបូងឱ្យបានល្អ ដែលនឹងអាចកាត់បន្ថយការរ៉ាយប៉ាយនៃសំរាម។ ក្រុមហ៊ុនម៉ៅការសង់ទីលានចាក់សំរាមថ្មី ត្រូវពន្លឿនការសាងសង់។
លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា មកដល់ពេលនេះ ការសាងសង់ទីលាន ចាក់សំរាមថ្មី សម្រេចបាន៨០ភាគរយហើយ ដោយលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ១០ហិកតា ចម្ងាយ ពីទីប្រជុំជនក្រុងពោធិ៍សាត់ ប្រមាណ៥គីឡូម៉ែត្រ។ ការស្ថាបនាទីលានចាក់សំរាមថ្មីនេះ គឺស្ថិតក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទ្លេសាប ដោយប្រើប្រាស់ថវិកាជំនួយរបស់ ADB ៕
អត្ថបទ៖ ភិរុណ ពៅ