ខ្សែប្រយុទ្ធ Bournemouth, Evanilson នឹងត្រូវអវត្តមានមួយរយៈធំបន្ទាប់ពីទទួលការវះកាត់របួសជើង។ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានទទួលរងរបួស និងផ្លាស់ប្តូរចេញនៅនាទីទី ៨២ នៃការប្រកួតកាលពីថ្ងៃសៅរ៍នៅពេល Bournemouth យកឈ្នះ Everton ១-០។
ក្លិបបានបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យ តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការសម្រាកព្យាបាលរបួសរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះឡើយ។
Evanilson បានស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួត បន្ទាប់ពីផ្លាស់មកកាន់ Bournemouth ផ្ទេរពី Porto កាលពីខែសីហាឆ្នាំមុនក្នុងតម្លៃ ៤០ លានផោន។
ជ័យជំនះលើ Everton កាលពីថ្ងៃសៅរ៍ ធ្វើឱ្យ Bournemouth ស្ថិតក្នុងកំណត់ត្រាថ្មីរបស់ក្លិប ដោយមិនចាញ់សោះនៅ Premier League ៨ ប្រកួតជាប់គ្នា។
ក្រុមរបស់លោក Iraola កំពុងឈរលេខ ៧ ក្នុងតារាង បីពិន្ទុតាមពីក្រោយ Top4៕ អត្ថបទ៖នាង សុភាវុធ

