យោធាកោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធហ្វឹកហាត់ប្រយុទ្ធ ដែលធ្វើត្រាប់ជាការវាយរុញច្រានការវាយលុករបស់ចិន ជាផ្នែកនៃសមយុទ្ធយោធាដ៏ទូលំទូលាយក្នុងបំណងពង្រឹងការត្រៀមកងទ័ព នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី។

សមយុទ្ធ បានសាកល្បងសេណារីយ៉ូប្រយុទ្ធផ្សេងៗគ្នា ដូចជាការប្រើប្រាស់យានដ្រូនដើម្បីកំណត់ទីតាំងរបស់សត្រូវ ការប្រើប្រាស់ឧទ្ធម្ភាគចក្រវាយប្រហារ និងកាំភ្លើងត្បាល់ដើម្បីបំផ្លាញទីតាំងរបស់ពួកគេ ព្រមទាំងការដាក់ពង្រាយរថក្រោះ និងរថពាសដែក រួមជាមួយកងពលទ័ពថ្មើរជើង និងកងកម្លាំងពិសេស។

ប្រភពបាននិយាយថា «សមយុទ្ធនេះ បានបង្ហាញយ៉ាងពេញលេញនូវលទ្ធផលនៃការហ្វឹកហាត់ប្រយុទ្ធដែលត្រូវបានសម្របសម្រួលនៃប្រភេទអាវុធជាច្រើនប្រភេទ និងអនុញ្ញាតឱ្យប្រជាជនកោះតៃវ៉ាន់ បានឃើញពីការត្រៀមប្រយុទ្ធយ៉ាងម៉ឺងម៉ាត់របស់កងទ័ព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារទឹកដីរបស់ពួកគេ ១ថ្ងៃ ២៤ម៉ោង។
ការហ្វឹកហាត់នេះ គឺជាផ្នែកមួយនៃសមយុទ្ធជាប្រពៃណី ដែលត្រូវបានរៀបចំដោយយោធាកោះតៃវ៉ាន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលគេស្គាល់ថាជាពិធីបុណ្យនិទាឃរដូវ ដែលនឹងចាប់ផ្តើមជាផ្លូវការ នៅថ្ងៃទី ២៩ ខែមករា។
ភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយឯករាជ្យ ចាប់តាំងពីឆ្នាំ ១៩៤៩ ហើយត្រូវបានអាជ្ញាធរទីក្រុងប៉េកាំង ចាត់ទុកថាជា «ខេត្តឧទ្ទាម» ដែលបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំរបស់កោះនេះ គឺលោក William Lai កាលពីខែឧសភា ឆ្នាំមុន។