បាល់ទាត់៖ ខ្សែការពារសញ្ជាតិអង់គ្លេស Trevoh Chalobah បានចុះហត្ថលេខាបន្តកិច្ចសន្យាជាមួយក្រុមតោខៀវ Chelsea ៤ឆ្នាំបន្ថែមដែលនឹងរក្សារូបគេនៅ Stamford Bridge ដល់ឆ្នាំ២០២៦។ បានបង្ហាញខ្លួន ១០ប្រកួតរដូវកាលនេះឱ្យក្រុមរបស់លោក Thomas Tuchel កីឡាករវ័យ ២២ឆ្នាំរូបនេះធ្វើឱ្យការចាប់អារម្មណ៍នៅ Stamford Bridge។

Chalobah បានហៅការបន្តកិច្ចសន្យានេះថា ជាក្តីសុបិន្តក្លាយជាការពិតដែលបានបន្តអាជីពរយៈពេលយូរ ជាមួយក្លិបដែលគេរួមរស់ជាមួយតាំងពីក្មេង។ ប្រកួតដំបូងរបស់ Chalobah នៅក្រុមធំ Chelsea គឺកាលពីដើមរដូវកាលនេះដោយរកបាន ១គ្រាប់ដ៏អស្ចារ្យឱ្យ Chelsea យកឈ្នះ Crystal Palace ថ្ងៃបើករដូវកាល។ បន្ទាប់ពីឡើងពីក្រុមយុវជនមានឈ្មោះក្នុងក្រុមធំកាលពី Chelsea ស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte កាលពីឆ្នាំ២០១៨ Trevoh Chalobah បានចំណាយពេល ៣ឆ្នាំជាកីឡាករខ្ចីជើងនៅ Ipswich Town, Huddersfield Town និងក្លិបបារាំង Lorient។
Trevoh Chalobah ជាកីឡាករជំរើសជាតិជាច្រើនប្រភេទអាយុឱ្យអង់គ្លេសរួមមាន U16, U17, U19, U20 និង U21។ Chelsea កំពុងនាំមុខនៅ English Premier League ក្រោយលេងបាន ១០ប្រកួតរកបាន ២៥ពិន្ទុខណៈស្អែកនេះនឹងត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ Burnley៕
អត្ថបទ៖នាង សុភាវុធ