ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះលើផ្ទៃដីជិត២ម៉ឺនហិចតា នៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើង។

រហូតមកដល់ពេលនេះ មនុស្សចំនួន៥នាក់បានស្លាប់ និងរាប់មិនអស់ត្រូវបានរងរបួស ហើយសំណង់ជាង ១.០០០ កន្លែងត្រូវបានបំផ្លាញ ស្របពេលអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបានបំផ្លាញរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង។

ចំហេះព្រៃដែលមានឈ្មោះថា ប៉ាស៊ីហ្វិក ប៉ាលីសេដ(Pacific Palisades)ឥឡូវនេះកំពុងបង្កការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles ។
ភ្លើងឆេះព្រៃនេះ បានបង្ខំឱ្យមានការជម្លៀសប្រជាពលរដ្ឋក្នុងតំបន់នោះជាង១៥០,០០០នាក់ រួមទាំងជាង៣០,០០០នាក់ នៅក្នុងសង្កាត់ ប៉ាស៊ីហ្វិក ប៉ាលីសេដ (Pacific Palisades) ។
លំនៅឋានប្រជាពលរដ្ឋត្រូវបានបំផ្លាញនៅទូទាំងតំបន់ទីក្រុង Los Angeles រួមទាំងគេហដ្ឋានរបស់តារាល្បី ៗ ជាច្រើនផងដែរ។
ស្ថានភាពខ្យល់ដ៏គ្រោះថ្នាក់មិនត្រូវបានគេរំពឹងថានឹងធូរស្រាលទេ រហូតដល់ចុងសប្តាហ៍នេះ ដែលនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងភ្លើង។ប្រជាពលរដ្ឋជាច្រើនបាននិយាយថាទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញក្នុងចំហេះព្រៃនោះ៕