រដ្ឋមន្ត្រីរបស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃពុធថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមួយចំនួនដែលបានដាក់លើប្រទេសស៊ីរី អាចនឹងត្រូវបានដកចេញក្នុងពេលឆាប់ៗនេះ។ មួយខែបន្ទាប់ពីការបញ្ចប់របបគ្រប់គ្រងរបស់គ្រួសារលោក Assad ទណ្ឌកម្មទាំងនោះកំពុងរារាំងដល់ការស្តារឡើងវិញរបស់ប្រទេស និងរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌។

រដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់ណូអែល បារ៉ូត(Jean-Noel Barrot) បាននិយាយថា ការដកទណ្ឌកម្មផ្នែកនយោបាយបន្ថែមទៀតនឹងអាស្រ័យលើរបៀបដែលមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី ដោះស្រាយការផ្លាស់ប្តូរនេះ និងធានាឱ្យមានការរួបរួមគ្នា។
ជើងហោះហើរអន្តរជាតិ បានចាប់ផ្តើមឡើងវិញជាលើកដំបូង ចាប់តាំងពីក្រុមឧទ្ទាម បានផ្តួលរំលំលោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ហើយក្រុមគ្រួសារជាច្រើនបានជួបជុំគ្នាវិញ បានឱប និងយំ ក្នុងក្តីរំភើប។

ទិដ្ឋភាពនៃអនាគតរបស់ប្រទេសស៊ីរីនៅពុំច្បាស់លាស់នៅឡើយ។ មានការខ្វះថាមពលធ្ងន់ធ្ងរ ដោយអគ្គិសនីផ្គត់ផ្គង់ដោយរដ្ឋអាចប្រើប្រាស់បានតែពីរទៅបីម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្នុងតំបន់ភាគច្រើន។
រដ្ឋមន្ត្រីពាណិជ្ជកម្មនៅក្នុងរដ្ឋាភិបាលចាំផ្ទះ បាននិយាយថា ទណ្ឌកម្មបាននឹងកំពុងរារាំងប្រទេសស៊ីរី ពីការទទួលបានកិច្ចព្រមព្រៀងនាំចូលប្រេង ស្រូវសាលី និងទំនិញចាំបាច់ផ្សេងៗទៀត។
អ្នកការទូតអ៊ឺរ៉ុបបីរូប បាននិយាយថា សហភាពអឺរ៉ុបនឹងស្វែងរកកិច្ចព្រមព្រៀងដើម្បីដកទណ្ឌកម្មមួយចំនួន នៅពេលរដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះ ជួបគ្នានៅចុងខែមករា។
អ្នកការទូតពីររូប បាននិយាយថា គោលបំណងមួយគឺជួយសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីអនុញ្ញាតឱ្យមូលនិធិត្រឡប់ទៅប្រទេសនេះវិញ ជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងកាត់បន្ថយការដាក់ទណ្ឌកម្មលើវិស័យថាមពល ដើម្បីធ្វើឲ្យប្រសើរការផ្គត់ផ្គង់ថាមពល។