ក្រុមអ្នកអ្នកជិះម៉ូតូ បានចេញធ្វើបាតុកម្មនៅទីក្រុងការ៉ាកាស ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃពុធ ទី៨ ខែមករាខណៈការចូលកាន់តំណែងសម្រាប់អាណត្តិទី ៣ របស់លោក ជិតមកដល់។

អ្នកបើកបរម៉ូតូជាងមួយពាន់នាក់ គឺជាផ្នែកនៃក្បួនដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុង មានកាន់ទង់ជាតិប្រទេសវេណេស៊ុយអេឡា និងរូបភាពរបស់ប្រធានាធិបតី លោក Maduro ។
លោក Maduro ត្រូវបានកំណត់ពេលចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី៣ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលទទួលការរិះគន់ទាំងក្នុងស្រុក និងអន្តរជាតិ។
បន្ទាប់ពីការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា បានប្រកាសថា លោក Maduro គឺជាអ្នកទទួលជ័យជម្នះ ទោះបីជាពុំបានចេញផ្សាយចំនួនសន្លឹកឆ្នោតសរុបក៏ដោយ។
គណបក្សប្រឆាំង បានតវ៉ាចំពោះលទ្ធផលនេះ ដោយប្រកាសថាមេដឹកនាំគណបក្សប្រឆាំង លោក Edmundo Gonzalez ជាអ្នកទទួលជ័យជម្នះ មានសំឡេងឆ្នោត៧៣% ដែលទទួលបានពីអ្នកគាំទ្ររបស់ពួកគេនៅមណ្ឌលបោះឆ្នោតទូទាំងប្រទេស ខណៈបង្ហាញថា លោក Gonzalez មានសំឡេងឆ្នោតច្រើនជាងលោក Maduro ទ្វេដង។