នៅពេលទីក្រុងកាប៊ុល បានធ្លាក់ក្នុងដៃក្រុមតាលីបង់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ប្រធានចារកម្មសម្ងាត់ប៉ាគីស្ថាន ដែលជាភ្ញៀវបរទេសដំបូងគេទៅជួបរបបថ្មីនោះ ដោយប្រាប់អ្នកសារព័ត៌មានថា "គ្រប់យ៉ាងនឹងល្អប្រសើរ" ប៉ុន្តែតិចជាង ៣ឆ្នាំកន្លះក្រោយមក ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានធ្លាក់ចុះយ៉ាងខ្លាំង។

ភាពតានតឹងរវាងភាគីទាំងពីរផ្ទុះឡើងកាន់តែខ្លាំងក្លា ដោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និយាយថា ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន បានសម្លាប់មនុស្សជាង ៤០នាក់ នៅភាគខាងកើតអាហ្វហ្គានីស្ថាន កាលពីចុងខែធ្នូ។ មន្ត្រីប៉ាគីស្ថាន និយាយថា ការវាយប្រហារនោះសំដៅទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ប៉ុន្តែរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និយាយថា ស្ត្រី និងកុមារស្ថិតក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារ។

ការប៉ះទង្គិចឆ្លងព្រំដែននេះ ឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងអ៊ីស្លាម៉ាដាដ ចំពោះកំណើនការវាយប្រហារដ៏បង្ហូរឈាម ដែលកើតមាននៅក្នុងប៉ាគីស្ថាន និងត្រូវបានសន្មតថាជាទង្វើក្រុមតាលីបង់ប៉ាគីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ អះអាងថា ក្រុមនេះកំពុងត្រូវបានការពារដោយរបបតាលីបង់អាហ្វហ្កានីស្ថាន។

ភាពតានតឹងនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងការវាយប្រហារឆ្លងព្រំដែនពីប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងខែមុន និងរបាយការណ៍អំពីការប្រយុទ្ធគ្នាជាថ្មីនៅតាមព្រំដែនក្នុងសប្ដាហ៍នេះ៕