ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានបន្ទោសប្រធានាធិបតី លោក Joe Biden និងអភិបាលរដ្ឋ California លោក Gavin Newsom កាលពីថ្ងៃពុធ (ទី៨ ខែមករា) ពាក់ព័ន្ធនឹងចំហេះព្រៃដែលកំពុងឆាបឆេះនៅក្នុងទីក្រុង Los Angeles ពោលគឺជាហេតុកាណ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
តាមរយៈការបង្ហោះមួយ ក្នុងចំណោមការបង្ហោះជាច្រើន នៅលើបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានសរសេរថា៖ «អភិបាលរដ្ឋ លោក Gavin Newscum បានបដិសេធមិនចុះហត្ថលេខាលើសេចក្តីប្រកាសស្តារទឹកដែលដាក់នៅចំពោះមុខលោក ដែលនឹងអនុញ្ញាតឲ្យមានទឹករាប់លានហ្គាឡុងពីទឹកភ្លៀងដ៏ច្រើនលើសលប់ និងព្រិលរលាយពីភាគខាងជើងហូរជារៀងរាល់ថ្ងៃទៅកាន់ផ្នែកជាច្រើននៃរដ្ឋ California ក្នុងនោះរួមទាំងតំបន់ដែលពេលនេះកំពុងត្រូវបានឆាបឆេះ រហូតដល់មានស្ថានភាពស្ទើរតែជាមហន្តរាយទាំងស្រុងហើយ»។

លោកបានបន្ថែមថា៖ «លោក Newsom ចង់ការពារត្រីម៉្យាងដែលគ្មានតម្លៃអ្វីសោះ ដោយផ្តល់បរិមាណទឹកតិច ដើម្បីការពារត្រីនោះ (វាទៅមិនរួចទេ!) ប៉ុន្តែមិនខ្វល់ពីប្រជាជន នៅរដ្ឋ California។ ឥឡូវនេះ ផលធ្ងន់ធ្ងរបំផុត កំពុងផ្ដល់ឲ្យហើយ។ ខ្ញុំនឹងទាមទារឲ្យអភិបាលរដ្ឋអសមត្ថភាពម្នាក់នេះ អនុញ្ញាតឲ្យទឹកល្អ ស្អាត និងស្រស់ស្រាយហូរចូលទៅរដ្ឋ CALIFORNIA! នេះគឺជាការស្ដីបន្ទោសសម្រាប់ហេតុការណ៍នេះ។ លើសពីនេះទៀត គ្មានទឹកសម្រាប់ក្បាលម៉ាស៊ីមទឹក គ្មានយន្តហោះពន្លត់អគ្គិភ័យ។ នេះគឺជាគ្រោះមហន្តរាយពិតៗ!»។
នៅក្នុងសេចក្តីថ្លែងការណ៍ជាការឆ្លើយតប នាយកផ្នែកទំនាក់ទំនងរបស់លោក Newsom លោក Izzy Gardon បានចោទប្រកាន់លោក Trump ពីបទ «លេងនយោបាយ» ខណៈដែលចំហេះព្រៃ បានបន្តបង្កការបំផ្លិចបំផ្លាញ នៅរដ្ឋ California ភាគខាងត្បូង។ លោក Newsom កាលពីថ្ងៃអង្គារបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដោយសារអគ្គិភ័យនេះ ដែលបានធ្វើឲ្យមនុស្សប្រហែល ៤០០.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមរសៀលថ្ងៃពុធ។ លោក Biden បានចេញសេចក្តីប្រកាស អំពីគ្រោះមហន្តរាយដ៏ធំមួយ នាថ្ងៃពុធនេះ ដោយបើកផ្លូវឲ្យមានជំនួយសហព័ន្ធក្នុងតំបន់នេះ។
ល្ងាចថ្ងៃពុធ លោក Trump បានបង្ហោះអំពីចំហេះព្រៃម្តងទៀត ដែលលើកនេះ បានវាយប្រហារលោក Biden។ ភ្លាមៗ បន្ទាប់ពីលោក Biden បានចូលរួមសន្និសីទខ្លីមួយ នៅទីក្រុង Santa Monica ដែលរៀបចំដោយក្រសួងព្រៃឈើ និងការពារអគ្គិភ័យរដ្ឋ California រួមជាមួយនឹងលោក Newsom លោក Trump បានសរសេរថា៖ «គ្មានទឹកនៅក្នុងក្បាលម៉ាស៊ីនទឹក គ្មានលុយនៅក្នុង FEMA (ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ)។ នេះជាអ្វីដែល លោក JOE BIDEN កំពុងចាកចេញពីខ្ញុំ។ អរគុណ JOE!»៕


