ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឆ្លើយតបបែបចំអក កាលពីថ្ងៃពុធ (ទី៨ ខែមករា) ចំពោះសំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ដែលចង់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទៅជាឈូងសមុទ្រអាមេរិក។
ដោយឈរនៅចំពោះមុខផែនទីពិភពលោក អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី លោកស្រី Sheinbaum បានលើកឡើងដោយទឹកមុខមាំថា អាមេរិកខាងជើងគួរតែត្រូវបានប្តូរឈ្មោះទៅជា «América Mexicana» ឬ «Mexican America» (ម៉ិកស៊ិកអាមេរិក) ពីព្រោះឯកសារដែលបង្កើតឡើងតាំងពីឆ្នាំ១៨១៤ ដែលមុនរដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ិកស៊ិក បានសំដៅទៅលើវាតាមរបៀបនោះ។
លោកស្រី បាននិយាយបន្ថែមដោយសំឡេងបែបចំអកថា៖ «ស្តាប់ទៅពិរោះណាស់មែនទេ?»។ ជាមួយគ្នានេះ លោកស្រីក៏បានកត់សម្គាល់ផងដែរថា ឈូងសមុទ្រម៉ិកស៊ិកត្រូវបានដាក់ឈ្មោះបែបនេះ តាំងពីឆ្នាំ១៦០៧ មកម៉្លេះ។
យ៉ាងណាក្ដី ការឆ្លងឆ្លើយគ្នានេះ បានចាប់ផ្តើមផ្ដល់នូវចម្លើយ អំពីសំណួរដ៏ធំមួយដែលកំពុងបន្តកើតមានលើទំនាក់ទំនងទ្វេភាគី រវាងមហាអំណាច ក្នុងតំបន់ទាំង២ នោះគឺថា តើលោកស្រី Sheinbaum ដែលទើបជាប់ឆ្នោតថ្មី នឹងដោះស្រាយជាមួយលោក Trump យ៉ាងដូចម្ដេច ខណៈដែលលោកមានវិធីសាស្រ្តការទូតដ៏រឹងត្អឹង ហើយនិងសន្យាធ្វើការនិរទេសទ្រង់ទ្រាយធំ និងដំឡើងពន្ធលើដៃគូពាណិជ្ជកម្មនានា ដូចជាម៉ិកស៊ិកជាដើម៕