ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro នឹងស្បថចូលកាន់តំណែងអាណត្តិទី៣ នៅថ្ងៃសុក្រ (ទី១០ ខែមករា) ខណៈដែលគូប្រជែងរដ្ឋាភិបាលរាប់រយនាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីការជាប់ឆ្នោតឡើងវិញដ៏ចម្រូងចម្រាសរបស់លោក កាលពីរដូវក្តៅមុន បានធ្វើឲ្យមានស្ថានភាពកាន់តែយ៉ាប់ទៅៗនៅក្នុងពន្ធនាគារដែលមានអ្នកទោសយ៉ាងណែនក្ដន់របស់ប្រទេស។
ក្នុងចំណោមអ្នកទោសទាំងនោះ មានជនជាតិអាមេរិកចំនួន ១០នាក់។ ម្នាក់គឺលោក David Estrella ដែលត្រូវបានដឹងដំណឹងចុងក្រោយ ក្នុងខែកញ្ញា នៅពេលដែលអ្នកក្រុងញូវយ៉កវ័យ ៦២ឆ្នាំរូបនេះ ហៀបនឹងជិះតាក់ស៊ីពីប្រទេសកូឡុំប៊ីទៅកាន់វេណេហ្ស៊ុយ ដោយមានកាបូបដាក់ទឹកអប់ សំលៀកបំពាក់ និងស្បែកជើង ដើម្បីធ្វើជាអំណោយដល់មិត្តភ័ក្តិដែលលោកបានជួប អំឡុងដំណើរកម្សាន្ត នៅនេះមុន។
ស្ថានភាព ជុំវិញការចាប់ខ្លួនលោក David Estrella និងជនជាតិអាមេរិកផ្សេងទៀត មិនត្រូវបានគេដឹងច្បាស់នោះទេ។ ភាគច្រើនមិនមានសិទ្ធិទទួលបានមេធាវីការពារ ហើយទំនាក់ទំនងមានកម្រិតជាមួយសមាជិកគ្រួសារដែលបារម្ភថា អ្នកទាំងនោះអាចទទួលរងការធ្វើទារុណកម្ម ដូចដែលអ្នកជាប់ឃុំ នៅអាមេរិកកន្លងមក បានចោទប្រកាន់។

គ្មាននរណាម្នាក់ត្រូវបានប្រកាសថា ត្រូវបានឃុំខ្លួនដោយខុសច្បាប់ពីក្រសួងការបរទេសឡើយ ជាការកំណត់ដែលនឹងផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតលើករណីរបស់ពួកគេ។ ដោយសារតែសហរដ្ឋអាមេរិកគ្មានវត្តមានការទូត នៅវេណេហ្ស៊ុយអេឡា គ្រួសាររបស់ពួកគេអាចប្រឈមនឹងដំណើរការវែងឆ្ងាយ ក្នុងការជំរុញឲ្យមានការដោះលែងពួកគេ។
ការឃុំខ្លួនជនជាតិអាមេរិកទាំងនេះ បានបន្ថែមភាពស្មុគស្មាញដល់បញ្ហាប្រឈមជាច្រើន នៅវេណេស៊ុយអេឡា ដែលរង់ចាំឲ្យប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដោះស្រាយ នៅពេលលោកត្រលប់ទៅសេតវិមានវិញ នៅថ្ងៃទី២០ ខែមករា។
សម្រាប់តួនាទីគោលនយោបាយការបរទេសជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោក លោក Trump បានជ្រើសរើសស្ថាបត្យករជាច្រើនបញ្ចូលទៅក្នុងយុទ្ធនាការ «ដាក់សម្ពាធអតិបរមា» ដែលលោកបានអនុវត្តក្នុងអំឡុងអាណត្តិដំបូងរបស់លោក នៅពេលដែលលោកព្យាយាមទម្លាក់លោក Maduro ពីអំណាច។ ប៉ុន្តែការបរាជ័យនៃគោលនយោបាយទាំងនោះ គឺបង្ហាញឲ្យឃើញពីភាពប្រចក្ស ហើយមិនច្បាស់ទេថា តើលោក Trump នឹងអនុវត្តយុទ្ធនាការដូចគ្នា នាពេលនេះដែរ ឬយ៉ាងណា៕
