នៅថ្ងៃព្រហស្បតិ៍នេះ ដងផ្លូវនៅក្នុងរដ្ឋធានី N'Djamena មានសភាពស្ងប់ស្ងាត់ ពេលដែលក្រុមនគរបាលដើរល្បាត រយៈពេល ១ថ្ងៃក្រោយពួកគេរារាំងមិនឲ្យបានសម្រេចការវាយប្រហារលើការិយាល័យប្រធានាធិបតីឆាដ ។
អ្នកនាំពាក្យរដ្ឋាភិបាលឆាដ និយាយថា ឧបទ្ទេវហេតុកាលពីយប់កន្លងទៅ ពាក់ព័ន្ធនឹងក្រុមស្រវឹងគ្មានការៀបចំបានល្អ ប្រដាប់ដោយកាំបិត និងពូថៅ ដែលងាយស្រួលក្នុងការសម្លាប់ពួកគេ ។
ការផ្ទុះអាវុធ បានកើតមានឡើង នៅជិតការិយាល័យប្រជាធិបតីឆាដកាលពីយប់ថ្ងៃពុធ ក្នុងនោះយោធា បានបិទផ្លូវជុំវិញ ។ ក្រោយមក រដ្ឋាភិបាលបានប្រកាសថា ពួកគេបានរារាំងយ៉ាងជោគជ័យការប៉ុនប៉ងធ្វើឲ្យប្រទេសមានអស្ថិរភាព។
ការវាយប្រហារនេះ បានកើតមានឡើង ពេលដែលប្រទេសឆាដប្រឈមនឹងភាពពុំច្បាស់លាស់ ក្រោយបញ្ចប់កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការកាលពីពេលថ្មីៗនេះជាមួយបារាំង ដែលជាដៃគូយូរអង្វែងនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមជីវពលអ៊ិស្លាមនៅតំបន់ Sahel ។
តំបន់ Sahel ស្ថិតនៅអាហ្វិ្រកខាងលិច និងអាហ្វ្រិកកណ្តាល បានប្រឈមម្តងហើយម្តងទៀតការវាយប្រហារក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ពីក្រុមបះបោរ រួមទាំងក្រុមដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម ក្រុមអាល់កៃដា និងក្រុមឧទ្ទាមបូកូ ហារ៉ាម ៕