អ្នករស់នៅលើដែនដីរបស់បារាំងដែលរងការបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូន គឺកោះ Mayotte ត្រូវបានណែនាំ នៅថ្ងៃសុក្រ (ទី១០ ខែមករា) នេះ ធ្វើយ៉ាងណាឲ្យប្រាកដថា នៅចុងសប្តាហ៍នេះ ពួកគេអាចជ្រកកោននៅក្នុងអគារដ៏រឹងមាំ ហើយមានអាហារ និងទឹក ខណៈដែលព្យុះត្រូពិចមួយផ្សេងទៀត បានបក់បោកមកជិតប្រជុំកោះនៃមហាសមុទ្រឥណ្ឌាមួយនេះ។
ខេត្តកោះ Mayotte បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានប្រកាសការជូនដំណឹងមុន ដើម្បីត្រៀមសម្រាប់ព្យុះស៊ីក្លូន នៅវេលាម៉ោង ៨ ម៉ោងសកល នាថ្ងៃសុក្រនេះ ខណៈដែលព្យុះ Dikeledi ត្រូវបានរំពឹងថា នឹងបក់បោកកាត់ប្រទេសកោះម៉ាដាហ្គាស្កា នៅថ្ងៃសៅរ៍ មុនពេលតម្រង់ឆ្ពោះទៅទិសខាងកើត។
ព្យុះនេះត្រូវបានរំពឹងថា នឹងបោកបក់ក្នុងល្បឿនប្រហែល ១៤០គីឡូម៉ែត្រ ក្នុង ១ម៉ោង នៅភាគខាងត្បូងនៃកោះ Mayotte នាយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដោយនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង។
ដោយបានដកស្រង់ពីសេវាឧតុនិយម Meteo France អាជ្ញាធរខេត្តកោះនេះ បានឲ្យដឹងថា៖ «កម្លាំងខ្យល់បក់ នឹងឡើងជាលំដាប់ដល់ល្បឿនជាមធ្យម ៥០ ទៅ ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយមានសន្ទុះដល់ ៩០ ទៅ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយបង្កជាហានិភ័យមានទឹកជំនន់ នៅតំបន់ឆ្នេរ ដោយសារតែកម្រិតលំនាច និងស្ថានភាពសមុទ្រ»។
គួររំលឹកថា កាលពាក់កណ្តាលខែធ្នូឆ្នាំមុន ព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញបំផុត ដែលបានកើតមាននៅកោះ Mayotte ជាលើកដំបូង ក្នុងរយៈពេល ៩០ឆ្នាំ បានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរក្រែលែង នៅក្នុងដែនដីដ៏ក្រីក្របំផុតរបស់ប្រទេសបារាំងមួយនេះ ហើយបើយោងតាមការរាប់តួលេខចុងក្រោយបំផុត បានបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ ៣៩នាក់ បានបាត់បង់ជីវិត និងរាប់ពាន់នាក់រងរបួស៕