ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធគម្រោងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះភាគីអូស្ត្រាលី ដែលបាននិងបន្តចូលរួមគាំទ្រក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អលើវិស័យស្រូវអង្ករ ដោយបានបញ្ចេញពូជចំប៉ីស៧០កន្លងមក។ ជាមួយគ្នានេះ ជំនួបក៏បានលើកពីសារៈសំខាន់របស់កម្ពុជា សម្រាប់ទីផ្សារសាច់គោអូស្ត្រាលីផងដែរ។
ប្រភពដដែល បានឲ្យដឹងទៀតថា នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឯកភាពបន្តកិច្ចសហប្រតិបត្តិការល្អលើវិស័យកសិកម្ម នឹងបានត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី




