ភ្នំពេញ ៖ នាឱកាសដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ឆ្នាំ២០២១ នឹងមានទស្សនីយភាពសិល្បៈច្រើនទម្រង់ ដើម្បីបង្ហាញជូនភ្ញៀវអន្តរជាតិ ។ ក្នុងនោះក៏រួមមានរបាំព្រះរាជទ្រព្យ និងរបាំជាច្រើនទំរង់ផ្សេងទៀត ដែលសុទ្ធសឹងចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ លើកមកសំដែងក្នុងពិធីបើកមហោស្រពផងដែរ។
នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងជាអនុប្រធាន អនុគណៈកម្មការសម្របសម្រួលការរៀបចំព្រឹតិ្តការណ៍ក្រៅកិច្ចប្រជុំកំពូល, ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។
ឯកឧត្តម បណ្ឌិត បានបន្តទៀតថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និងអឺរ៉ុប ៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កម្ពុជា ទាំងសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។ គឺជាច្រកទ្វារថ្មីសម្រាប់កម្ពុជា ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពរវាងអឺរ៉ុប និងអាស៊ី ក៏ជាការទាក់ទាញវិនិយោគិន ឲ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទេសចរណ៍ ដែលកម្ពុជាកំពុងត្រៀមបើកទេសចរណ៍ (ទទួលភ្ញៀវអន្តរជាតិ) ឡើងវិញនាពេលខាងមុខនេះ។ ហើយក្រសួងវប្បធម៌បានត្រៀមសម្រាប់ការរៀបចំការធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ដោយមានសកម្មភាព៣សំខាន់ៗ ក្នុងនោះ មានការសម្តែងសិល្បៈទស្សនីយភាពផងដែរ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ ដោយធ្វើការបើកសម្ពោធ និងអនុញ្ញាតឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលទស្សនាដោយសេរី និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច សាខាអ៊ីអន១ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះឯកឧត្តម បណ្ឌិត គឹម ពីនន់ បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិចិ្ឆកា ដែលជាថ្ងៃបិទមហោស្រព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសន្ទរកថាបិទ ដោយមានការសម្តែងរបាំទេពមនោរម្យ ដែលដំឡើងថ្មី និងមានរយៈពេល៨នាទី ដើម្បីចូលរួមសម្តែងក្នុងពិធីបិទនេះផងដែរ។
ទាំងអស់នេះ ជាសកម្មភាពធំៗ របស់ក្រសួងវប្បធម៌ ក៏ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរ ទន្ទឹមនឹងនោះអឺរ៉ុប ក៏បង្ហាញពីអត្តសញ្ញាណចម្រុះជាតិសាសន៍ រវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នា នៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ៕
អត្ថបទ រដ្ឋា