ក្រុមបាតុករប្រឆាំងសង្រ្គាមអ៊ីស្រាអែល បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ម្សិលមិញ ។
នគរបាលបានចាប់អូសក្រុមបាតុករមួយចំនួនដែលបដិសេធន៍មិនចាកចេញពីផ្លូវ ហើយនិងបានច្រានក្រុមបាតុករផ្សេងទៀត ដើម្បីព្យាយាមបំបែកពួកគេ ។
ជម្លោះនេះ បានកើតមានឡើង បន្ទាប់ពីការជួបជុំគ្នាដោយស្ងៀមស្ងាត់របស់ក្រុមបាតុករប្រហែល ២ពាន់នាក់ ដែលបានថ្កោលទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និង ទាមទារឲ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ក៏ដូចជាកិច្ចព្រមព្រៀងឲ្យចំណាប់ថ្នូរវិលត្រឡប់មកកាន់អ៊ីស្រាអែលវិញ ។
ក្រុមអ្នកសម្របសម្រួលបានបង្កើតកិច្ចខិតខំថ្មី ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងដោះលែងចំណាប់ថ្នូរ មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃទី ២០ ខែមករា ខាងមុខនេះ ។ កិច្ចព្រមព្រៀងនេះដែរ នឹងរួមបញ្ចូលការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែល ។
សូមបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៤៦.៥៣៧នាក់ និងមនុស្ស ១០៩.៥៧១នាក់ផ្សេងទៀត រងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រហូតមក ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយនៅថ្ងៃអាទិត្យនេះថា ជនប៉ាឡេស្ទីន ៣២នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ៕