កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហឹង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែបន្តពង្រឹងសាមគ្គីផ្ទៃ និងសហការគ្នា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងបន្តចូលរួមអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែមានភាពរីកចម្រើន។
ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែវិច្ឆិកានេះ លោកឧកញ៉ា ឡូវ ហឹង បានលើកឡើងថា អាជ្ញាធរមូលដ្ឋាន ដែលមានមន្ត្រីឃុំសង្កាត់ មន្ត្រីនគរបាលប៉ុស្តិ៍ ស្មៀន រហូតដល់មេភូមិ និងអនុភូមិជាដើម ត្រូវអនុវត្តការងារតាមគោលនយោបាយរាជរដ្ឋាភិបាល ដែលបានចែង ឬរៀបចំ ដើម្បីឲ្យអនុវត្តតាម។
លោកឧកញ៉ា បានបន្តថា សម្រាប់អាជ្ញាធរមូលដ្ឋាននេះ ត្រូវតែធ្វើការឲ្យបានចុះសម្រុងគ្នា មិនត្រូវបែកបាក់គ្នា ដែលអាចប៉ះពាល់ដល់ការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយបញ្ហាមិនមានសាមគ្គីភាពនេះ វាបានប៉ះពាល់ផងដែរដល់គោលនយោបាយរាជរដ្ឋាភិបាល ឬគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានជំរុញផងដែរដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំបម្រើពលរដ្ឋ អភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន ខណៈក្រុមការងារចុះមូលដ្ឋាន ក៏នឹងបន្តចូលរួមក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋ ឲ្យកាន់តែមានជីវភាពល្អប្រសើរ។
ក្នុងឱកាសនោះផងដែរ លោកឧកញ៉ា និងក្រុមការងារ បានផ្ដល់ថវិកាមួយចំនួនដល់អាជ្ញាធរស្រុកស្រីសន្ធរ សម្រាប់ទុកប្រើប្រាស់ក្នុងការងារផ្សេងៗ រួមទាំងផ្តល់ថវិកាអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។
បើតាមមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ បានឲ្យដឹងថា សម្រាប់ស្រុកមួយនេះ គឺមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩តិចជាងគេ ក្នុងខេត្តកំពង់ចាម ខណៈពលរដ្ឋក្នុងស្រុកស្ទើរតែទាំងអស់ បានចាក់វ៉ាក់សាំង គឺនៅសល់តិចតួចប៉ុណ្ណោះ៕ អត្ថបទ៖ បាន សុខរិទ្ធិ