ប្រជាជននៅទ្វីបអឺរ៉ុប កំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់ ជាមួយនឹងកំណើនតម្លៃឧស្ម័នដ៏ខ្ពស់ និងអាកាសធាតុត្រជាក់ខ្លាំង បន្ទាប់ពីអ៊ុយក្រែន បានបញ្ឈប់ការបញ្ជូនបន្តនូវឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប។

គួរបញ្ជាក់ថា ក្រសួងថាមពលអ៊ុយក្រែន បាននិយាយថា កាលពីថ្ងៃទី០១ ខែមករា ទីក្រុងគីវបានបញ្ឈប់ការបញ្ជូនឧស្ម័នធម្មជាតិរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប បន្ទាប់ពីការផុតកំណត់នៃកិច្ចព្រមព្រៀងដឹកជញ្ជូនរយៈពេល ៥ឆ្នាំ។

ចាប់តាំងពីឆ្នាំថ្មីចូលមក សីតុណ្ហភាពនៅក្នុងទីក្រុងធំៗនៅអឺរ៉ុប ដូចជាទីក្រុងឡុងដ្រ៍ ប៉ារីស និងប៊ែរឡាំង បានធ្លាក់ចុះក្រោមសូន្យនៅក្រោមកម្រិតមធ្យមនៃស៊ីតុណ្ហភាពរយៈពេល ៣០ឆ្នាំកន្លងមកនេះ។ ចាប់ពីល្ងាចថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនមក ព្រិលធ្លាក់ខ្លាំងបានបោកបក់ពាសពេញប្រទេសប៊ែលហ្សិក ដោយសីតុណ្ហភាពអប្បបរមាធ្លាក់ចុះក្រោម -១អង្សាសេ។
អាកាសធាតុត្រជាក់បាននាំឱ្យមានកំណើនតម្រូវការកម្ដៅ ខណៈការបិទបំពង់បង្ហូរបានជំរុញឱ្យតម្លៃឧស្ម័នធម្មជាតិកើនឡើងនៅទូទាំងទ្វីបអឺរ៉ុប។ ចាប់តាំងពីវិបត្តិអ៊ុយក្រែនមក សហភាពអឺរ៉ុបបានព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើថាមពលរុស្ស៊ី ទោះជាត្រូវទិញឧស្ម័នធម្មជាតិរាវពីអាមេរិក ក្នុងតម្លៃខ្ពស់ក៏ដោយ។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានព្រមានសហភាពអឺរ៉ុប កាលពីខែមុនថា ខ្លួនត្រូវតែប្តេជ្ញាចិត្តក្នុងការទិញប្រេង និងឧស្ម័នចំនួនច្រើនរបស់ទីក្រុងវ៉ាស៊ីនតោន បើមិនដូច្នេះទេនឹងប្រឈមការដំឡើងពន្ធដ៏ធំ។ ទោះជាយ៉ាងនេះក្ដី អ្នកវិភាគអឺរ៉ុបបានចង្អុលបង្ហាញថា នៅតែមានតម្រូវការនៅក្នុងទីផ្សារអឺរ៉ុបសម្រាប់ឧស្ម័នធម្មជាតិរុស្ស៊ី ដែលមានតម្លៃថោក ដែលធ្វើឱ្យសហភាពអឺរ៉ុប មានការលំបាកក្នុងការសម្រេចបាននូវ “ការកាត់ផ្តាច់ភាពពឹងផ្អែក” ពីថាមពលរុស្ស៊ី៕