សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យ (ទី១៣ បានជួបប្រជុំតាមអនឡាញជាមួយសមភាគីរបស់លោក គឺប្រទេសជប៉ុន និងហ្វីលីពីន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសទាំង៣។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «មេដឹកនាំនៃប្រទេសទាំង៣ បានពិភាក្សាអំពីសន្តិសុខដែនទឹក និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រីភាគី ព្រមទាំងសកម្មភាពដ៏គ្រោះថ្នាក់ និងខុសច្បាប់របស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង។ ហើយមេដឹកនាំទាំង៣ បានព្រមព្រៀងគ្នា ជុំវិញសារៈសំខាន់នៃការបន្តការសម្របសម្រួល ដើម្បីលើកកម្ពស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

គួរបញ្ជាក់ថា លោក Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នាយប់ថ្ងៃអាទិត្យនោះ ជារយៈពេលមួយសប្តាហ៍មុនពេលលោកចាកចេញពីតំណែង និងប្រគល់អំណាចឲ្យប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា។
ទីក្រុងម៉ានីលបានប្រាប់ថា ប្រទេសទាំង៣ ដែលបានជួបប្រជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលត្រីភាគី នៅទីក្រុងវ៉ាស៊ីនតោន ក្នុងខែមេសា បានព្រមព្រៀងពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែមទៀត នៅចំពោះមុខភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងដែនទឹកក្នុងតំបន់។
សមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មតាមនាវាប្រចាំឆ្នាំតម្លៃជាង ៣សែនកោដិដុល្លារ ត្រូវបានញាំញីដោយភាពតានតឹងដែលកើនឡើងជាលំដាប់អស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវតំបន់នៃសមុទ្រចិនខាងត្បូង បើទោះបីជាសេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ បានរកឃើញថា ការអះអាងរបស់ទីក្រុងប៉េកាំងមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ៕

