អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា ជុំបន្ទាប់នៃកិច្ចប្រជុំនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបចំនួន ៣ ចាប់ផ្តើមនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃចន្ទនេះ និងនៅថ្ងៃអង្គារ ។
អ៊ីរ៉ង់មាននូវកិច្ចប្រជុំស្តីពីកម្មវិធីនុយក្លេអ៊ែរជម្លោះកាលពីខែវិច្ឆិកា ឆ្នាំមុនជាមួយអង់គ្លេស បារាំង និងអាល្លឺម៉ង់ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Baghaei បាននិយាយផងដែរថា អ្នកជំនួញអ៊ីរ៉ង់លោក Mohammad Abedini ដែលត្រូវបានឃាត់ខ្លួននៅប្រទេសអ៊ីតាលី តាមដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ត្រូវបានដោះលែងវិញហើយៗនិងបានវិលត្រឡប់មកកាន់ប្រទេសអ៊ីរ៉ង់វិញដែរ ។
លោក Abedini ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Milan កាលពីខែមុន សម្រាប់ការចោទប្រកាន់ថាបានផ្គត់ផ្គង់គ្រឿងបង្គុំយានដ្រូនដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារកាលពីឆ្នាំ ២០២៤ ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់ នៅប្រទេសហ្សកដានី ។ អ៊ីរ៉ង់ បានច្រានចោលរាល់ការពាក់ព័ន្ធជាមួយនឹងការវាយប្រហារមួយនេះ ៕