ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃចន្ទ (១៣ មករា) ថា ក្រុមហេសបូឡា នៅប្រទេសលីបង់ កំពុងតែព្យាយាម "ទទួលបានកម្លាំង និងបំពាក់អាវុធឡើងវិញដោយមានជំនួយពីអ៊ីរ៉ង់" ដោយប្រកាសថា ក្រុមសកម្មប្រយុទ្ធនេះនៅតែជា "ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ" ដល់អ៊ីស្រាអែល និងស្ថិរភាពក្នុងតំបន់។

បច្ចុប្បន្នភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក កាលពីខែមុនដែលរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ បានព្រមានថា ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ទំនងជានឹងព្យាយាមកសាងឃ្លាំងស្តុក និងកងកម្លាំងរបស់ខ្លួនឡើងវិញ ដោយបង្កការគំរាមកំហែងរយៈពេលវែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។

លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានលើកឡើងថា "ខណៈដែលសមត្ថភាពយោធារបស់ហេសបូឡា ត្រូវបានបំផ្លាញយ៉ាងខ្លាំងក្នុងអំឡុងពេលសង្រ្គាម ឥឡូវនេះពួកគេកំពុងព្យាយាមដើម្បីទទួលបានកម្លាំងឡើងវិញ និងមានជំនួយពីអ៊ីរ៉ង់"។
បេសកកម្មរបស់ក្រុមហេសបូឡា និងអ៊ីរ៉ង់ ទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការលើកឡើងរបស់លោក Danon នោះទេ។ ប្រភពជាន់ខ្ពស់លីបង់ ដែលស្និទ្ធនឹងក្រុមហេសបូឡា បានបដិសេធការចោទប្រកាន់នោះ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដែលសម្របសម្រួលដោយអាមេរិក - ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤- បន្ទាប់ពីជម្លោះអស់ពេលជាងមួយឆ្នាំ។ លក្ខខណ្ឌតម្រូវឱ្យកងទ័ពលីបង់ ដាក់ពង្រាយចូលទៅលីបង់ភាគខាងត្បូង ខណៈទាហានអ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវដកខ្លួន ប៉ុន្តែភាគីទាំងពីរបានចោទដាក់គ្នាទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងនេះ៕