នៅមុនកិច្ចប្រជុំសន្តិសុខ ក្នុងទីក្រុង Helsinki (ហែលស៊ិនគី) ប្រទេសហ្វាំងឡង់ មេដឹកនាំនៃបណ្តាប្រទេសមាជិកអង្គការណាតូ នៅក្នុងតំបន់ នៅថ្ងៃអង្គារ (ទី១៤ ខែមករា) នេះ បានលើកឡើងថា បណ្តាប្រទេសអ៊ឺរ៉ុប ត្រូវតែត្រៀមខ្លួនដោះស្រាយឧប្បត្តិហេតុបន្ថែមទៀត នៅក្នុងសមុទ្របាល់ទិក បន្ទាប់ពីមានខូចខាត ចំពោះហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ ថ្មីៗនេះ។
គួរបញ្ជាក់ថា បណ្តាប្រទេស នៅសមុទ្របាល់ទិក មានការប្រុងប្រយ័ត្នខ្ពស់ ក្រោយខ្សែថាមពល តំណភ្ជាប់ទូរគមនាគមន៍ និងបំពង់បង្ហូរឧស្ម័ន ត្រូវបានធ្វើឲ្យខូចខាត បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយប្រទេសទាំងនេះកំពុងពិភាក្សា អំពីការបង្កើតវត្តមានរបស់កងកម្លាំងអង្គការណាតូ។
ប្រធានាធិបតីឡាតវី លោក Edgars Rinkevics បាននិយាយថា នាវាប្រហែល ២.០០០គ្រឿង កំពុងឆ្លងកាត់សមុទ្របាល់ទិកជារៀងរាល់ថ្ងៃ ដែលនាំឲ្យវាពិបាកក្នុងការត្រួតពិនិត្យបានទាំងអស់។
លោក Rinkevics បានប្រាប់អ្នកសារព័ត៌មានថា៖ «សូមដោះស្រាយបញ្ហានេះ យើងមិនអាចធានាបាននូវការការពារ ១០០ភាគរយនោះទេ ប៉ុន្តែប្រសិនបើយើងកំពុងមាននូវវិធានការជាក់លាក់នោះ ខ្ញុំគិតថា ឧប្បត្តិហេតុបែបនេះនឹងថយចុះ ឬសូម្បីតែអាចមិនមានតែម្ដង»។
កាលពីខែមុន នគរបាលហ្វាំងឡង់ បានរឹបអូសនាវាដឹកប្រេងរបស់រុស្ស៊ី ហើយបាននិយាយថា ពួកគេសង្ស័យថា នាវានេះបានធ្វើឲ្យខូចខាតខ្សែថាមពល Estlink 2 រវាងប្រទេសហ្វាំងឡង់ និងអេស្តូនី រួមជាមួយខ្សែទូរគមនាគមន៍ចំនួន ៤ខ្សែផ្សេងទៀត ដោយការអូសយុថ្កាកាត់បាតសមុទ្រ៕