លោកបណ្ឌិត គិន ភា កត់សម្គាល់សមិទ្ធផលធំៗចំនួន៩ចំណុចដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា ក្នុងឱកាសខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច

2025/01/15 02:32:43 am        160

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករានេះ បានបង្ហាញនូវការកត់សម្គាល់សមិទ្ធផលធំៗចំនួន ៩ ចំណុចដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា ក្នុងឱកាសខួបទី ៤០ ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចតេជោ (១៤ មករា ១៩៨៥ - ១៤ មករា ២០២៥)។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ថ្ងៃនេះជាខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន ៩ ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា៖

ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។

ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។

ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាង ស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុំព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។

ទី៤- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទី៥- សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។

ទី៦- សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៍ឯកនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុតសម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទី៧- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេសដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែងខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។

ទី៨- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិលើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុតពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។

ទី៩- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពស៊ាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា។ ជាពិសេស ទស្សនៈវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        202
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm