នៅថ្ងៃអង្គារនេះ ចិនបានចាប់ផ្តើមការធ្វើដំណើររយៈពេល ៤០ថ្ងៃ អំឡុងពិធីបុណ្យចូលឆ្នាំចិន ។ កាលពីឆ្នាំមុន ការធ្វើដំណើរសរុបចំនួន ៨,៤ពាន់លាន ត្រូវបានចុះបញ្ជី អំឡុងពេលវិស្សមកាលនេះ ហើយក្រុមអាជ្ញាធរ រពឹងដល់កំណើនការធ្វើដំណើរក្នុងឆ្នាំនេះ ប្រហែលជាការធ្វើដំណើរក្នុងស្រុកច្រើនបំផុតជាប់កំណត់ត្រាចំនួន ៩ពាន់លាន ។
អ្នកដំណើរនៅស្ថានីយ៍រថភ្លើងទីក្រុងប៉េកាំង មានក្តីរំភើបរីករាយជាខ្លាំងចំពោះការវិលត្រឡប់ទៅកាន់ផ្ទះវិញ ហើយពួកគេបង្ហាញសុទិដ្ឋិនិយមសម្រាប់វិស្សមកាលរដូវកាលបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ ។
នាង Shi Zhenyue គឺជានិស្សិតសាកលវិទ្យាល័យមួយរូប សង្ឃឺមថា សេដ្ឋកិច្ចចិននឹងល្អប្រសើរឡើង បង្កើនជីវភាពរស់នៅកាន់តែល្អប្រសើរ និងងាយស្រួលក្នុងការរកការងារធ្វើ ក្រោយបញ្ចប់ការសិក្សា ។
រដូវកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះ បានកើតមាននៅពេលដែលសេដ្ឋកិច្ចចិន ស្ថិតក្នុងស្ថានភាព ពុំសូវគាប់ប្រសើរ ពិបាកងើបពីការគ្រប់គ្រងការរីករាលដាលឆ្លងជំងឺ COVID-19 រយៈពេល ៣ឆ្នាំ និងរារាំងដោយវិបត្តិទីផ្សារអចលនទ្រព្យអូសបន្លាយពេលយូរ ។
ការនាំចេញ គឺជាចំណុះភ្លឺស្វាងមួយផងដែរនៅក្នុងកំណើនសេដ្ឋកិច្ច ប៉ុន្តែវាបានប្រឈមជាមួយលទ្ធភាពនៃការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក ពេលដែលលោក Donald Trump ឡើងកាន់អំណាចនៅក្នុងខែនេះ ។
រដ្ឋាភិបាលចិន បានដាក់ចេញវិធានការជំរុញទឹកចិត្តជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងការបង្កើនទំហំគម្រោងជួញដូរទំនិញរបស់អ្នកប្រើប្រាស់ ប៉ុន្តែមកទល់នឹងពេលនេះ ពួកគេនៅមិនទាន់អាចងើបសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាពនោះទេ ៕