ភ្នំពេញ៖ក្រសួងបរិស្ថាន សហការជាមួយអង្គការយូនីសេហ្វ នៅរសៀលថ្ងៃទី១៤ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា (CCRI)ជាលើកដំបូង។
នៅក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ ព័ត៌មានសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជាផែនទីបង្ហាញផ្លូវបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់សកម្មភាពអាទិភាពដែលគិតគូរដល់សុខមាលភាព និងកិច្ចការពារកុមារដែលងាយរងគ្រោះបំផុត ដោយធានាថា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងយុទ្ធសាស្ត្របន្សាំនឹងការប្រែប្រួលអាកាសធាតុ គឺត្រូវបានបញ្ចូល និងផ្តោតលើតម្រូវការរបស់កុមារ និងយុវជន។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ព័ត៌មានទាំងនេះក៏បានផ្តល់ជាធាតុចូលក្នុងការរៀបចំអន្តរាគមន៍ និងកម្មវិធីអប់រំអំពីហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ សំដៅជួយកុមារ និងគ្រួសាររបស់ពួកគេឱ្យយល់ដឹងបន្ថែមពីការគំរាមកំហែងដែលពួកគេប្រឈមមុខ និងការត្រៀមខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។
លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ សន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារសម្រាប់កម្ពុជា គឺជាឧបករណ៍ដ៏មានអានុភាពមួយដើម្បីសកម្មភាពរួមផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំ សហគមន៍ និងជាពិសេស យុវជន និងកុមារ ក្នុងការចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយ និងដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុលើកុមារ បានបង្ហាញថា កុមារកម្ពុជាដែលងាយរងគ្រោះបំផុត រស់នៅតាមឃុំនានាក្នុងភូមិភាគឦសាន តំបន់ជុំវិញបឹងទន្លេសាប និងផ្នែកខ្លះនៃតំបន់វាលទំនាប។យ៉ាងណាក្តី ដើម្បីបង្ករហានិភ័យអាកាសធាតុលើកុមារ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តជាបន្តបន្ទាប់។អត្ថបទ៖ទូច សោភ័ណ






