កងទ័ពរបស់កូរ៉េខាងជើង ដែលប្រយុទ្ធស្ម័គ្រស្លាប់នៅក្នុងទឹកដីរុស្ស៊ី បានធ្វើឱ្យអ៊ុយក្រែន ប្រឈមការលំបាកក្នុងការទប់ទល់។ បន្ទាប់ពីការប្រយុទ្ធគ្នានៅតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី ក្នុងសប្តាហ៍នេះ កងកម្លាំងពិសេសអ៊ុយក្រែន បានឆែកឆេរសាកសពទាហានកូរ៉េខាងជើង ជាងរាប់សិបនាក់ដែលត្រូវបានសម្លាប់។

ក្នុងចំណោមអ្នកទាំងនោះ ទាហានអ៊ុយក្រែនបានរកឃើញម្នាក់នៅមានជីវិត ប៉ុន្តែពេលពួកគេចូលទៅជិត កងទ័ពរូបនោះបានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួន នេះបើយោងតាមការរៀបរាប់លើប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទ (១៣ មករា)។

នេះស្ថិតក្នុងចំណោមភស្តុតាងដែលកើនឡើងពីសមរភូមិ របាយការណ៍ចារកម្មសម្ងាត់ និងសក្ខីកម្មរបស់អ្នករត់ចោលប្រទេស ដែលថាទាហានកូរ៉េខាងជើងមួយចំនួនកំពុងប្រើវិធានការជ្រុលហួសហេតុ ក្នុងពេលគាំទ្រសង្គ្រាម ៣ឆ្នាំរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន។
អតីតទាហានកូរ៉េខាងជើងម្នាក់ដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូង ក្នុងឆ្នាំ២០២២ បាននិយាយថា "ការបំផ្ទុះសម្លាប់ខ្លួនឯង និងការធ្វើអត្តឃាតស្ម័គ្រស្លាប់៖ ទាំងនោះជាការពិតអំពីកូរ៉េខាងជើង"។ ការវាយតម្លៃរបស់អ៊ុយក្រែន និងលោកខាងលិច បង្ហាញថា ទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយទាហានប្រហែល ១១.០០០នាក់ ដើម្បីគាំទ្រដល់កងកម្លាំងរបស់ទីក្រុងមូស្គូ នៅក្នុងតំបន់ Kursk ដែលអ៊ុយក្រែន បើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន។ យោងតាមទីក្រុងគីវបានឱ្យដឹងថា មនុស្សជាង ៣.០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស៕