យ៉ាងហោចណាស់ជនស៊ីវិល ១២០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំ នៅភាគខាងលិចទីក្រុង Omdurman កាលពីថ្ងៃអង្គារ ខណៈដែលការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា បានកើនឡើងជាថ្មី។
ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា សម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងខ្វះខាតយ៉ាងខ្លាំង ខណៈដែលបុគ្គលិកសុខាភិបាល ព្យាយាមព្យាបាល «អ្នករបួសមួយចំនួនធំ ដែលទទួលរងនូវការរងរបួសខុសៗគ្នា» នៅក្នុងទីក្រុងភ្លោះនៃរដ្ឋធានីខាទុំ ( Khartoum) ឆ្លងទៅម្ខាងទៀតនៃទន្លេNile។
ប្រទេសស៊ូដង់ មានសង្រ្គាម តាំងពីខែមេសា ឆ្នាំ ២០២៣ រវាងកងកម្លាំងរបស់ឧត្តមសេនីយ៍គូប្រជែង។ ភាគច្រើននៃទីក្រុង Omdurman គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ព ខណៈដែលកងកម្លាំងគាំទ្ររហ័ស ដែលជាគូប្រជែងកាន់កាប់ទីក្រុងខាទុំខាងជើង និងតំបន់មួយចំនួនទៀតនៃរដ្ឋធានីនេះ។
ប្រជាជនទីក្រុងខាទុំជាច្រើន នៅសងខាងទន្លេ Nile តែងតែរាយការណ៍ពីការបាញ់ផ្លោងឆ្លងទន្លេ ដោយគ្រាប់បែក និងអំបែងគ្រាប់តែងតែធ្លាក់ត្រូវផ្ទះ និងជនស៊ីវិល។ ទាំងកងទ័ព និងកងជីវពល ត្រូវបានគេចោទប្រកាន់ថា បានកំណត់គោលដៅលើជនស៊ីវិល រួមទាំងបុគ្គលិកសុខាភិបាល និងការបាញ់ផ្លោងទៅលើ តំបន់លំនៅឋាន តាមអំពើចិត្ត។