អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែមករា ថា អាទិភាពនៅពេលនេះ «ត្រូវតែធ្វើឲ្យធូរស្រាលទុក្ខវេទនាដ៏ធំ» បង្កឡើងដោយសង្គ្រាមនៅតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

ក្នុងអំឡុងពេលសង្គ្រាមរយៈពេល១៥ខែ អ៊ីស្រាអែលបានបំផ្លាញតំបន់ហ្កាហ្សាភាគជាច្រើនឱ្យទៅជាកម្ទេចថ្ម ហើយប្រជាជននៅមុនសង្គ្រាម២,៣លាននាក់ ត្រូវបានភៀសខ្លួនចេញពីលំនៅឋានជាច្រើនដង។ លោក Guterres បានពណ៌នាអំពីស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ថាជា «មហន្តរាយ»។

លោក បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «អង្គការសហប្រជាជាតិ បានត្រៀមរួចរាល់ដើម្បីគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយនិរន្តរភាពដល់ប្រជាជនប៉ាឡេស្ទីនរាប់មិនអស់ ដែលនៅបន្តរងទុក្ខ»។ លោក Guterres បាននិយាយថា «វាជាការចាំបាច់ដែលបទឈប់បាញ់នេះដកចេញនូវឧបសគ្គផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗក្នុងការដឹកជញ្ជូនជំនួយនៅទូទាំងតំបន់ហ្កាហ្សា ដូច្នេះយើងអាចគាំទ្រដល់ការបង្កើនជំនួយមនុស្សធម៌សង្គ្រោះជីវិត បន្ទាន់។

អង្គការសហប្រជាជាតិ បានចាត់ទុកជាយូរមកហើយនូវប្រតិបត្តិការជំនួយមនុស្សធម៌របស់ខ្លួន ថាជាឱកាសនិយម ដែលប្រឈមបញ្ហានានាជាមួយប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ការរឹតបន្តឹងដំណើរការចូលរបស់អ៊ីស្រាអែលទៅក្នុងតំបន់និងនៅទូទាំងតំបន់ហ្កាហ្សា ព្រមទាំងការចូលលួចដោយក្រុមប្រដាប់អាវុធ កាលពីពេលថ្មីៗនេះ។
កិច្ចព្រមព្រៀង តម្រូវឱ្យរថយន្តដឹកជំនួយចំនួន៦០០គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្កាហ្សាជារៀងរាល់ថ្ងៃ ក្នុងបទឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង រួមទាំងរថយន្តដឹកប្រេង៥០គ្រឿង។
ពាក់កណ្តាលនៃរថយន្តជំនួយចំនួន៦០០គ្រឿង នឹងត្រូវដឹកបញ្ជូនទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកជំនាញបានព្រមានថា គ្រោះទុរភិក្ស ជិតមកដល់។