យានអវកាសស្តារស៊ីប (Starship) របស់ក្រុមហ៊ុន SpaceX បានផ្ទុះក្នុងអាកាស ប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីការបាញ់បង្ហោះពីរដ្ឋតិចសាស់ របស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ដោយបង្ខំឱ្យជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើឈូងសមុទ្រម៉ិកស៊ិក ត្រូវផ្លាស់ប្តូរទិសដៅដើម្បីបញ្ចៀសការធ្លាក់កម្ទេចកម្ទី ដែលជាជំហានថយក្រោយសម្រាប់កម្មវិធីយានអវកាសដ៏ល្បីល្បាញរបស់មហាសេដ្ឋី Elon Musk។

ទីគ្រប់គ្រងបេសកកម្មរបស់ SpaceX បានបាត់បង់ទំនាក់ទំនងជាមួយយាន Starship ទើបនឹងកែលម្អថ្មីនោះ ដែលបានផ្ទុកផ្កាយរណបសិប្បនិមិត្តដំបូងរបស់ខ្លួនប៉ុន្តែគ្មានមនុស្សលើនោះទេ រយៈពេល ៨នាទីប៉ុណ្ណោះបន្ទាប់ពីបាញ់ចេញពីទីតាំងបាញ់បង្ហោះក្នុងរដ្ឋតិចសាស់ ភាគខាងត្បូង នៅម៉ោង ៥:៣៨ នាទីល្ងាច (ម៉ោងក្នុងស្រុក)។

វីដេអូថតដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញដុំពន្លឺពណ៌លឿងទុំដែលផ្ទុះពាសពេញផ្ទៃមេឃលើរដ្ឋធានីព័រអូប្រាំង នៃប្រទេសហៃទី ដោយបន្សល់ទុកនូវផ្សែងហុយយ៉ាងក្រាស់ឃ្មឹកចេញលើផ្លូវហោះហើរ។ នៅអាកាសយានដ្ឋានអន្តរជាតិ Miami របស់អាមេរិក ជើងហោះហើរមួយចំនួនត្រូវបានផ្អាក ហើយផ្អែកលើកំណត់ត្រាហោះហើរពីគេហទំព័រ FlightRadar24 បង្ហាញថា ជើងហោះហើរពាណិជ្ជកម្មរាប់សិបជើងបានបង្វែរទៅអាកាសយានដ្ឋានផ្សេង ឬផ្លាស់ប្តូរផ្លូវហោះហើរដើម្បីជៀសវាងការហោះប៉ះកម្ទេចកម្ទីដែលធ្លាក់។

លើកចុងក្រោយដែលយាន Starship បានបរាជ័យគឺនៅក្នុងខែមីនា ឆ្នាំមុន ក្នុងពេលកំពុងហោះចូលទៅក្នុងបរិយាកាសផែនដីឡើងវិញនៅលើមហាសមុទ្រឥណ្ឌា ប៉ុន្តែជារឿងកម្រណាស់ដែលឧប្បត្តិហេតុរបស់ក្រុមហ៊ុន SpaceX បណ្តាលឱ្យមានការរំខានទូលំទូលាយដល់ចរាចរណ៍ផ្លូវអាកាសបែបនេះ៕