អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារឃ្លាំងស្តុកប្រេងមួយ នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ដែលក្រុមមន្ត្រីបាននិយាយមុននេះថា យានដ្រូនរបស់ទីក្រុងគីវ បានបង្កឲ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងតំបន់ Voronezh ជាប់ព្រំដែនអ៊ុយក្រែន។

ការវាយប្រហារនេះ គឺជាការវាយលុកតាមអាកាសចុងក្រោយបង្អស់របស់អ៊ុយក្រែន ដើម្បីកំណត់គោលដៅទីតាំងថាមពល និងមូលដ្ឋានយោធារបស់រុស្ស៊ី នៅក្នុងយុទ្ធនាការមួយ ដែលបានកើនឡើង នៅក្នុងសប្តាហ៍នេះ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កងកម្លាំងការពាររបស់ខ្លួន បានវាយប្រហារឃ្លាំងស្តុកប្រេង Liskinska» ដោយអះអាងថា «អគ្គិភ័យដ៏ធំ បានឆាបឆេះ នៅរោងចក្រនេះ»។
អគ្គសេនាធិការនេះ បានបន្ថែមថា យានដ្រូនចំនួនបីគ្រឿង បានវាយប្រហារឃ្លាំងស្តុកប្រេង ដែលខ្លួនអះអាងថា ត្រូវបានប្រើដោយកងទ័ពរុស្ស៊ី។
អភិបាលនៃតំបន់ Voronezh បាននិយាយនៅមុននេះថា យានដ្រូនជាច្រើនគ្រឿង «បានបង្កឲ្យមានភ្លើងឆាបឆេះ នៅឃ្លាំងស្តុកប្រេងនោះ» ។
លោកអភិបាល Alexander Gusev បានអះអាងថា តំបន់Voronezh ត្រូវបានវាយប្រហារដោយយាន ដ្រូនជាង ១០គ្រឿង ដោយភាគច្រើនបានកំណត់គោលដៅទៅលើឃ្លាំងមួយ នៅក្នុងស្រុក Liskinsky។