អេត្យូពី៖ កាលពីថ្ងៃអាទិត្យពលរដ្ឋអេត្យូពីរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅទីលានចតុរង្គ Meskel Square ក្នុងរដ្ឋធានី Addis Ababa ដើម្បីតវ៉ាប្រឆាំងទៅនឹងការជ្រៀតជ្រែកពីបរទេស និងសម្ពាធក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ ខណៈពួកឧទ្ទាម Tigray ដណ្ដើមបានទីក្រុងសំខាន់ៗ និងឆ្ពោះទៅកាន់រដ្ឋធានីរបស់ប្រទេសអេត្យូពី។

ថ្លែងទៅកាន់ហ្វូងមនុស្សដ៏ច្រើន លោក Adanech Abiebi អភិបាលក្រុង Addis Ababa បានសង្កត់ធ្ងន់ថា គ្មានសម្ពាធបរទេស ហើយក៏គ្មានការវាយប្រហារពីក្រុមឧទ្ទាមណានឹងធ្វើឲ្យផ្លាស់ប្ដូរបំណងប្រាថ្នា នៃការអភិវឌ្ឍន៍ជាតិរបស់ប្រជាពលរដ្ឋអេត្យូពីបានដែរ។ ការតវ៉ានេះមានគោលបំណងសំខាន់ចង់បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ដល់ការអំពាវនាវរបស់ប្រទេសនេះធ្វើឡើងដោយរដ្ឋាភិបាលអេត្យូពី ដើម្បីការពារប្រទេសពីអ្វីដែលខ្លួនហៅថាជាសត្រូវផ្ទៃក្នុង និងខាងក្រៅ ជាពិសេសរណសិរ្សរំដោះប្រជាជនទីហ្គ្រេ (TPLF) និងសម្ព័ន្ធមិត្តរបស់ខ្លួន។
យោងតាមលោក Abiebi គោលដៅដាក់មុខនៃការជ្រៀតជ្រែករបស់បរទេសដែលនៅតែបន្ត និងសម្ពាធជាច្រើនពីខាងក្រៅមកលើប្រទេសអាហ្វ្រិកខាងកើតមួយនេះ មានគោលបំណងអូសទាញប្រទេសអេត្យូពីឲ្យស្ថិតក្រោម ការគ្រប់គ្រងរបស់គ្រប់គ្រងរបស់បរទេស។ អភិបាលក្រុងរូបនេះបានសង្កត់ធ្ងន់ថា ពលរដ្ឋអេត្យូពីនឹងពុំមានមន្ទិលចំពោះការជ្រៀតជ្រែក និងសម្ពាធណាមួយឡើយ ហើយពួកគេនឹងក្រោកឈររួបរួមគ្នា។ ការតវ៉ាជាសាធារណៈមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសភាតំណាងប្រជាជាជនអេត្យូពីប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦ខែ ស្របពេលជម្លោះរីកកាន់តែធំនៅក្នុងតំបន់ភាគខាងជើងប្រទេសនេះ៕
អត្ថបទ៖ សុខមាន