រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានរិះគន់ដោយប្រយោលលើអធិការបតី លោក Olaf Scholz ចំពោះការស្ទាក់ស្ទើររបស់លោក ក្នុងការអនុម័តបន្ថែម ៣ពាន់លានអឺរ៉ូ (៣,០៩ពាន់លានដុល្លារ) ដែលជាជំនួយយោធាបន្ថែម សម្រាប់អ៊ុយក្រែន។
ដោយមិននិយាយឈ្មោះអធិការបតី ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico ដែលចេញផ្សាយ នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ លោកស្រី Baerbock បានប្រាប់ថា៖ «និយាយដោយស្មោះត្រង់ វាប៉ះពាល់ដល់អារម្មណ៍ខ្ញុំខ្លាំងណាស់» ហើយលោកស្រីបន្ថែមថា សម្រាប់អ្នកនយោបាយមួយចំនួន ដែលបានទទួលសំឡេងឆ្នោតគាំទ្របន្តិចបន្តួច គឺសំខាន់ជាងការធានាសន្តិភាព និងសេរីភាពរបស់អឺរ៉ុបទៅទៀត។
គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោក Scholz បាននិយាយថា លោកបានស្នើឲ្យបន្ថែមទឹកប្រាក់ដែលបានកំណត់បម្រុងទុកបច្ចុប្បន្នចំនួន ១២ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំនេះ ប៉ុន្តែប្រាក់បន្ថែមមិនត្រូវផ្តល់ឲ្យដោយការកាត់បន្ថយការចំណាយសង្គមនោះទេ។
គណបក្ស Greens របស់លោកស្រី Baerbock និងគណបក្ស SPD របស់លោក Scholz បច្ចុប្បន្ន ជាដៃគូនៅក្នុងរដ្ឋាភិបាលសំឡេងភាគតិច បន្ទាប់ពីក្រុមចម្រុះដែលកំពុងកាន់អំណាច បានដួលរលំ នៅក្នុងខែវិច្ឆិកា ប៉ុន្តែគណបក្សទាំង២ ក៏កំពុងប្រកួតប្រជែងគ្នាផងដែរ នៅក្នុងការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៣ ខែកុម្ភៈ។
អាល្លឺម៉ង់ ដែលជាប្រទេសផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាធំទី២ សម្រាប់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក កំពុងជួបការលំបាកដោយសារឱនភាពថវិកាចំនួនពីរខ្ទង់ ចំពេលមានវិបត្តិសេដ្ឋកិច្ច៕