ក្រុមប្រដាប់អាវុធជនជាតិភាគតិច បាននិយាយនៅថ្ងៃអាទិត្យ (១៩ មករា) ថា ការវាយប្រហារតាមអាកាសរបស់របបសឹកមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស ២៨នាក់ រួមទាំងកុមារ និង ២៥នាក់ទៀត រងរបួសនៅឯកន្លែងឃុំឃាំងបណ្តោះអាសន្ននៅរដ្ឋរ៉ាឃីន ភាគខាងលិច។

កងទ័ពអារ៉ាកាន (AA) កំពុងចូលរួមការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយយោធា ដើម្បីគ្រប់គ្រងរដ្ឋរ៉ាឃីន ជាទីដែលខ្លួនបានដណ្តើមយកទឹកដីជាច្រើនកាលពីឆ្នាំមុន លើកលែងតែរដ្ឋធានីស៊ីតវេ (Sittwe) របស់រដ្ឋ។

ជម្លោះក្នុងរដ្ឋរ៉ាឃីន គឺជាចំណែកមួយនៃចលាចលដ៏បង្ហូរឈាម ដែលបានលេបត្របាក់មីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធយ៉ាងទូលំទូលាយ។

កងកម្លាំង AA បានបង្ហោះនៅលើបណ្តាញតេលេក្រាមរបស់ខ្លួនថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកលើតំបន់ឃុំឃាំងនៅក្នុងទីប្រជុំជន Mrauk-U កាលថ្ងៃសៅរ៍ ជាទីដែលសមាជិកគ្រួសាររបស់ទាហានរបបសឹកត្រូវបានឃុំខ្លួន ដោយកុមារចំនួន ៩នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ ហើយអ្នកស្លាប់ផ្សេងទៀតជាស្ត្រី។
គេមិនដឹងច្បាស់ទេថា តើការវាយប្រហារនៅទីប្រជុំជន Mrauk-U នោះត្រូវបានគេកំណត់គោលដៅខុស ឬថាតើរបបសឹកបានដឹងថាតំបន់នេះត្រូវបានគេប្រើជាកន្លែងឃុំឃាំងគ្រួសារទាហាន ឬយ៉ាងណាឡើយ៕