រដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានពិភាក្សាអំពីស្ថានភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា ជាកន្លែងដែលការប្រយុទ្ធគ្នានៅតែបន្ត បន្ទាប់ពីរដ្ឋប្រហារយោធាបានផ្ទុះឡើងកាលពីបួនឆ្នាំកន្លងទៅនេះ។ អាស៊ាន គ្រោងនឹងបញ្ជូនបេសកជនពិសេសទៅកាន់សហភាពមីយ៉ាន់ម៉ា ដើម្បីអំពាវនាវឲ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកកិច្ចប្រជុំក្រៅផ្លូវការរយៈពេលពីរថ្ងៃនៅលើកោះ Langkawi ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ប្រទេសម៉ាឡេស៊ី កាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ។ លេខាអាចិន្ត្រៃយ៍នៃក្រសួងការបរទេសមីយ៉ាន់ម៉ា ត្រូវបានបញ្ជូនដោយយោធា និងបានតំណាងឲ្យសហភាពនេះ នៅក្នុងកិច្ចប្រជុំ។

រដ្ឋមន្ត្រី បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការប្រយុទ្ធដែលនៅតែបន្ត រវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងលទ្ធិប្រជាធិបតេយ្យ។ ក្រសួងការបរទេសម៉ាឡេស៊ី និយាយថា អ្នកតំណាងរបស់មីយ៉ាន់ម៉ា បានរំលឹកឡើងវិញនូវបំណងដើម្បីរៀបចំការបោះឆ្នោតសកលនៅឆ្នាំនេះ ក្នុងការរៀបចំសម្រាប់ការផ្លាស់ប្តូរទៅជាការគ្រប់គ្រងស៊ីវិល។
ក្រសួងនិយាយថា រដ្ឋសមាជិកមួយចំនួន បានសង្កត់ធ្ងន់ថាការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នឹងជាអាទិភាពកំពូល ខណៈសមាជិកផ្សេងទៀតប្រកាន់ភ្ជាប់ថា ការធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាពនៃការបោះឆ្នោត គឺជារឿងសំខាន់។
ប្រទេសម៉ាឡេស៊ី គ្រោងនឹងបញ្ជូនបេសកជនពិសេសដែលទើបតែងតាំងថ្មី ទៅកាន់សហភាពមីយ៉ាន់ម៉ា នាពេលខាងមុខនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យសហភាពនេះ អនុវត្តការស្របមតិគ្នា៥ចំណុច ដែលអាស៊ាន និងមីយ៉ាន់ម៉ា បានព្រមព្រៀងកាលពីបួនឆ្នាំមុន។ ការស្របមតិគ្នា រួមមានទាំងការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។