រថយន្តដឹកជំនួយបន្តធ្វើដំណើរចូលទៅកាន់តំបន់ហ្កាហ្សា ឆ្លងកាត់តាមច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ក្រោយបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ។
កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា ពួកគេបានចាប់ផ្តើមឆ្លងកាត់កាលពីព្រឹកថ្ងៃអាទិត្យ ។
គួរឲ្យដឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា តម្រូវឲ្យរថយន្តដឹកជំនួយ ៦០០គ្រឿង ឆ្លងកាត់ចូលតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ អំឡុងបទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង រួមទាំងរថយន្តដឹកប្រេង ៥០គ្រឿងផងដែរ ។
ពាក់កណ្តាលនៃរថយន្តដឹកជំនួយទាំង ៦០០គ្រឿង នឹងត្រូវចែកចាយជំនួយទៅកាន់តំបន់ភាគខាងជើងហ្កាហ្សា ជាទីដែលក្រុមអ្នកជំនាញព្រមានថា គ្រោះទុរ្ភិក្សជិតកើតមានឡើង ។
ខណៈពេលនោះដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយដែលត្រូវការយ៉ាងខ្លាំង ទៅកាន់តំបន់ហ្កាហ្សា បន្ទាប់ពីបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន ប៉ុន្តែពួកគេត្រូវការលទ្ធភាពចូលជាប្រព័ន្ធ នៅទូទាំងដែនដីនេះ ដើម្បីធានាដល់សុវត្ថិភាពរបស់ពួកគេ ៕