អគ្គិភ័យនៅសណ្ឋាគាររមណីយដ្ឋានជិះស្គីមួយកន្លែងនៅតំបន់ភ្នំ Bolu ប្រទេសទួរគី បណ្តាលឲ្យមនុស្ស៧៦ នាក់ស្លាប់ និងរាប់សិបនាក់ទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី២១ ខែមករា ដែលបានបង្ខំឱ្យភ្ញៀវភ័យស្លន់ស្លោលោតចេញតាមបង្អួចទាំងកណ្តាលអាធ្រាត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា មានភ្ញៀវចំនួន២៣៨នាក់ កំពុងស្នាក់នៅក្នុងសណ្ឋាគារនេះ។
លោកនិយាយថា « វាពិបាកក្នុងការអធិប្បាយអំពីការឈឺចាប់របស់យើង» ដោយលោកបាននិយាយនៅរមណីយដ្ឋាន និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ។
លោក Yerlikaya និយាយថា អគ្គិភ័យ បានរលត់ទៅវិញ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរកនៅសណ្ឋាគារក៏បានបញ្ចប់។

លោកនិយាយបន្តថា អាជ្ញាធរកំពុងធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណសាកសពមួយចំនួន ដែលបានរកឃើញពីកន្លែងកើតអគ្គិភ័យ។ ការស៊ើបអង្កេតមួយកំពុងត្រូវបានធ្វើឡើងជុំវិញករណីអគ្គិភ័យកើតឡើងក្នុងអំឡុងពេលវិស្សមកាលសាលារៀន នៅពេលដែលគ្រួសារជាច្រើនមកពីទីក្រុងអ៊ីស្តង់ប៊ុល និងទីក្រុងអង់ការ៉ា ធ្វើដំណើរទៅកាន់តំបន់ភ្នំ Bolu ដើម្បីជិះស្គី។
លោក Yerlikaya និយាយថា នគរបាលបានឃុំខ្លួនមនុស្ស ៩នាក់ ជាផ្នែកនៃការស៊ើបអង្កេត ហើយរដ្ឋអាជ្ញានឹងបំភ្លឺអំពីមូលហេតុនៃអគ្គិភ័យនេះ។