មន្ត្រីម្នាក់និយាយថា ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី នៅថ្ងៃពុធ (២២ មករា) នេះ កំពុងស្វែងរកមនុស្ស ១៣នាក់ដែលបាត់ខ្លួន បន្ទាប់ពីបំណាក់ដីនៅក្នុងខេត្តជ្វាកណ្ដាល របស់កោះជ្វា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់។
ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Pekalongan ក្នុងខេត្តជ្វាកណ្ដាល បានបណ្តាលឱ្យមានបំណាក់ដីកាលពីថ្ងៃអង្គារ ហើយភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
លោក Zulhawari Agustianto អ្នកនាំពាក្យក្រុមជួយសង្គ្រោះក្នុងតំបន់ បានប្រាប់ថា អ្នកជួយសង្គ្រោះប្រហែល ៣០០នាក់ រួមមាននគរបាល និងបុគ្គលិកយោធា ត្រូវបានដាក់ពង្រាយនៅព្រឹកថ្ងៃពុធ ដើម្បីស្វែងរកអ្នកបាត់ខ្លួន ខណៈព្រមានថាតួលេខអ្នកបាត់ខ្លួនអាចខ្ពស់ជាងនេះ។
ខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញផ្លូវ និងលំនៅឋានត្រូវបានកប់ក្រោមដី ហើយវាលស្រែត្រូវបានគ្របដណ្តប់ដោយភក់ កម្ទេចកម្ទី និងដុំថ្ម។ ទីភ្នាក់ងារគ្រោះមហន្តរាយបានព្រមានអ្នកស្រុកថា នឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចបណ្តាលឱ្យមានបំណាក់ដី និងទឹកជំនន់យ៉ាងគំហុកបន្ថែមទៀត៕