អាជ្ញាធរកិច្ចការឌីជីថលរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២២ មករា) នេះថា ខ្សែកាប្លិ៍ក្រោមសមុទ្រទៅកាន់ប្រជុំកោះ Matsu ដែលស្ថិតនៅជិតឆ្នេរសមុទ្រប្រទេសចិន ត្រូវបានកាត់ផ្តាច់ ហើយប្រភពនិយាយថា បណ្ដាញទំនាក់ទំនងបម្រុងទុកត្រូវបានបើក។

ប្រភពពីរដែលដឹងពីស្ថានភាពនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ខ្សែមួយក្នុងចំណោមខ្សែពីរដែលតភ្ជាប់ប្រជុំកោះ Matsu ជាមួយកោះតៃវ៉ាន់ ត្រូវបានផ្តាច់ទាំងស្រុង ហើយមួយទៀតបានដំណើរការខុសប្រក្រតី។

ប្រភពបន្តថា បណ្ដាញទំនាក់ទំនងបម្រុង រួមទាំងទំនាក់ទំនងតាមបណ្ដាញរលកមីក្រូ ត្រូវបានបើក ដែលអាចអនុញ្ញាតឱ្យសេវាអ៊ីនធឺណិតដំណើរការឡើងវិញដោយផ្នែក នៅក្នុងប្រជុំកោះដែលមានមនុស្សប្រហែល ១៤.០០០នាក់រស់នៅនោះ។

ការរអាក់រអួលចំពោះខ្សែកាប្លិ៍ក្រោមបាតសមុទ្រ គឺជាបញ្ហាដ៏គួរឱ្យបារម្ភសម្រាប់កោះតៃវ៉ាន់ ដោយសារតែខ្លួនបានត្អូញត្អែរម្តងហើយម្តងទៀតពីសកម្មភាព "តំបន់ប្រផេះ" របស់ចិន នៅជុំវិញកោះនេះ ដែលបង្កើតឡើងដើម្បីដាក់សម្ពាធដោយមិនមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដូចជាការបង្ហោះបាឡុង និងការបូមខ្សាច់ជាដើម៕