នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចូលកាន់តំណែងកាលពីថ្ងៃចន្ទ និងបានចាប់ផ្តើមការបង្ក្រាបជនអន្តោប្រវេសន៍ដ៏ខ្លាំងក្លា មនុស្សជាច្រើនដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ព្រួយបារម្ភរហូតស្រក់ទឹកភ្នែក ខណៈកម្មវិធីសិទ្ធិជ្រកកោនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឬហៅថា CBP One ត្រូវបានផ្អាក។

កម្មវិធីនេះបានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍រាប់សែននាក់ចូលអាមេរិកដោយស្របច្បាប់ ដោយកំណត់ពេលណាត់ជួប។ មនុស្សប្រហែល ២៨០.០០០នាក់ បានចូលទៅក្នុងកម្មវិធីនេះជារៀងរាល់ថ្ងៃដើម្បីទទួលបានការណាត់ជួបចាប់ពីថ្ងៃទី០៧ ខែមករា មក។
នៅថ្ងៃចន្ទ ការជូនដំណឹងក្នុងកម្មវិធីនោះបង្ហាញថា "ការណាត់ជួបមានស្រាប់ ដែលបានកំណត់តាមរយៈ CBP One លែងមានសុពលភាពទៀតហើយ"។ អាជ្ញាធរព្រំដែនអាមេរិក បានបញ្ជាក់ថា ពួកគេបានបិទកម្មវិធី និងលុបចោលការណាត់ជួប ដែលធ្វើឱ្យជនអន្តោប្រវេសន៍ជាច្រើនសោកសៅ។

ក្ដីសង្ឃឹមរបស់ជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលចង់ចូលទៅសហរដ្ឋអាមេរិកដោយស្របច្បាប់ បានរលាយបាត់ភ្លាមៗបន្ទាប់ពីការផ្អាកកម្មវិធី CBP One។ វិធានការនេះជាជំហានដ៏តឹងតែងដំបូងបំផុតរបស់រដ្ឋបាលលោក Trump ក្នុងគោលបំណងទប់ស្កាត់អន្តោប្រវេសន៍ ដែលជាក្ដីបារម្ភចម្បងសម្រាប់ពលរដ្ឋអាមេរិក៕
