មេធាវីរបស់លោក Snowden លោក Anatoly Kucherena បានប្រាប់សារព័ត៌មាន TASS ថា ភរិយារបស់អតីតបុគ្គលិកទីភ្នាក់ងារសន្តិសុខជាតិអាមេរិកលោក Edward Snowden អ្នកស្រី Lindsay Mills បានដាក់ពាក្យសុំសញ្ជាតិរុស្ស៊ី ក្រោមនីតិវិធីស្តង់ដា។
លោកបាននិយាយថា៖«តាមដែលខ្ញុំដឹង អ្នកស្រី កំពុងស្ថិតនៅក្រោមដំណើរការស្តង់ដា ដូចមនុស្សគ្រប់រូបដែលមានសិទ្ធិ។ អ្នកស្រី បានរស់នៅក្នុងប្រទេសរុស្សី អស់រយៈពេលជាង ៥ឆ្នាំ មកហើយ។ ឯកសារពាក់ព័ន្ធ ត្រូវបានបំពេញតាមនីតិវិធីនៃការទទួលបានសញ្ជាតិធម្មតា» ដោយបានបញ្ជាក់ថា ខ្លួនមិនបានដោះស្រាយបញ្ហា ដោយផ្ទាល់ទេ។
លោក Kucherena មើលឃើញថា គ្មានបញ្ហាណាមួយដែលអាចរារាំងប្រពន្ធរបស់លោក Snowden ពីការទទួលបានសញ្ជាតិនោះទេ។
លោកបានបញ្ជាក់ថា៖ «អ្នកស្រី គឺជាពលរដ្ឋដែលគោរពច្បាប់ មិនបំពានច្បាប់ទេ និងធ្វើតាមនីតិវិធីទាំងអស់។ ដូច្នេះ ខ្ញុំគិតថា នឹងមិនមានបញ្ហាអ្វីនោះទេ»។
នៅខែតុលា ឆ្នាំ ២០២៤ កីឡាការិនីកាយសម្ព័ន្ធជនជាតិអាមេរិក និងជាអ្នកសរសេរប្លុក អ្នកស្រី Lindsay Mills បានធ្វើដំណើរពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងមូស្គូ ដើម្បីទៅលេងលោក Snowden។ ពួកគេ បានចុះបញ្ជីអាពាហ៍ពិពាហ៍ជាផ្លូវការ នៅឆ្នាំ ២០១៧។ ក្រឹត្យស្តីពីសញ្ជាតិរុស្សីរបស់លោក Snowden ត្រូវបានចេញ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២២។ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំដដែល មានការប្រកាសថា លោកបានស្បថសច្ចាដើម្បីបញ្ជាក់ពីភក្តីភាពចំពោះប្រទេសរុស្ស៊ី និងបានទទួលលិខិតឆ្លងដែនរុស្សីរបស់ខ្លួន។