យោងតាមការអះអាងពីចំនួនផ្តល់ជូនដោយក្រុមកាកបាទក្រហមអេស្ប៉ាញ និងក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជាង ៤០០នាក់ បានធ្វើដំណើរទៅដល់ប្រជុំកោះ Canary កាលពីថ្ងៃអង្គារ ។
ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានសណ្តោងទូកឈើមួយគ្រឿងដឹកបុរស ៦៧នាក់ ស្រ្តី ២នាក់ និងទារកម្នាក់ទៅកាន់កំពង់ផែ Arguineguin ស្ថិតនៅកោះ Gran Canaria កាលពីយប់មិញ ។ នគរបាលក្នុងស្រុក បានរាប់ចំនួនជនអន្តោប្រវេសន៍ ពេលពួកគេឡើងកំពង់ ។
យោងតាមការអះអាងរបស់ក្រុមឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បានឲ្យដឹងថា ទូក ៥គ្រឿងផ្សេងទៀត បានធ្វើដំណើរទៅដល់តំបន់ឆ្នេរកោះ El Hierro ដឹកជនអន្តោប្រវេសន៍យ៉ាងហោច ៣៥០នាក់ ។
កោះអេស្ប៉ាញចំនួន ៧ នៅជិតតំបន់ឆ្នេរសមុទ្រអាត្លង់ទិកស្ថិតនៅភាគពាយ័ព្យអាហ្វ្រិក បានមើលឃើញការហក់ឡើងខ្ពស់ចំនួនមកដល់របស់ជនអន្តោប្រវេសន៍ខុសពីប្រក្រតី ដែលភាគច្រើននៃពួកគេធ្វើដំណើរមកពីប្រទេសម៉ាលី សេណេហ្គាល់ និងម៉ារ៉ុក ។
យោងតាមទិន្នន័យទទួលបានពីក្រសួងមហាផ្ទៃអេស្ប៉ាញ បានឲ្យដឹងថា ប្រជុំកោះ Canary បានមើលឃើញការមកដល់ជនអន្តោប្រវេសន៍ច្រើនបំផុតជាប់កំណត់ត្រារយៈពេល ២ឆ្នាំជាប់ៗគ្នា ក្នុងនោះជនអន្តោប្រវេសន៍ ៤៦.៨៤៣នាក់ បានធ្វើដំណើរមកដល់ក្នុងឆ្នាំ ២០២៤ ។
ដោយឡែក ជនអន្តោប្រវេសន៍ ៣.២២៣នាក់ បានធ្វើដំណើរទៅដល់ប្រជុំកោះ Canary ក្នុងឆ្នាំ ២០២៥នេះ ៕