នៅថ្ងៃពុធនេះ ចិនបានលើកឡើងថា គ្មានអ្នកឈ្នះអ្នកចាញ់នោះទេ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយនិងការដំឡើងពន្ធសងសឹកគ្នា ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា រដ្ឋបាលរបស់លោក នឹងពិភាក្សាលើការដំឡើងពន្ធចំនួន ១០ភាគរយលើការនាំចូលទំនិញរបស់ចិន ។
កាលពីថ្ងៃអង្គារម្សិលមិញ លោក Trump បានសន្យាថា នឹងដាក់ពន្ធលើសហភាពអឺរ៉ុប និងបានបញ្ជាក់ថា ការដំឡើងពន្ធ ១០ភាគរយ នឹងលើការនាំចូលរបស់ចិន ដែលអាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ នៅត្រឹមថ្ងៃទី១ ខែកុម្ភៈ ។
អំឡុងសន្និសីទសារព័ត៌មានទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន រយៈពេល ១ថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែង លោក Trump បានលើកឡើងពីតម្រូវការ ដើម្បីកែតម្រូវអតុល្យភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក ខណៈមានគោលបំណងម្តងទៀតលើទីក្រុងប៉េកាំង ជុំវិញការជួញដូរសារធាតុញៀនហ្វេតានីល ។
លោក Trump បាននិយាយឡើងវិញនូវការគំរាមរបស់លោកកាលពីថ្ងៃអង្គារ ក្នុងការដំឡើងពន្ធ១០ ភាគរយលើការនាំចូលរបស់ចិន ។
លោកថា វាផ្អែកលើការពិត ដែលថាពួកគេកំពុងបញ្ជូនសារធាតុហ្វេតានីល ទៅកាន់ប្រទេសម៉ិកស៊ិក និងប្រទេសកាណាដា ។ នៅពេលត្រូវបានសួរ ថាតើពន្ធទាំងនេះអាចត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះទេ លោកនិយាយថា ប្រហែលជានៅថ្ងៃទី១ ខែកុម្ភៈគឺជាកាលបរិច្ឆេទដែលយើងកំពុងសម្លឹងមើល ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ទីក្រុងប៉េកាំងបង្ហាញរួចហើយពីគោលជំហររបស់ខ្លួនម្តងហើយម្តងទៀត ហើយខ្លួនតែងតែការពារយ៉ាងមុតមាំផលប្រយោជន៍ជាតិរបស់ខ្លួន ៕