រថយន្តចងទង់ជាតិអេហ្ស៊ីបដឹកគ្រឿងចក្រ ត្រូវបានគេមើលឃើញធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប ដែលគេមានជំនឿថា នឹងបន្តដំណើរទៅកាន់ច្រកព្រំដែន Kerem Shalom នៅថ្ងៃទី ៣នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា ថវិការាប់ពាន់លានដុល្លារត្រូវការ សម្រាប់កសាងតំបន់ហ្កាហ្សាឡើងវិញ ក្រោយសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ ។
គួរឲ្យដឹងថា បទឈប់បាញ់ក្នុងសង្រ្គាមរយៈពេល ១៥ខែដែលបានធ្វើឲ្យតំបន់ហ្កាហ្សាក្លាយជាផេះផង់ និងបង្កភាពវឹកវរនៅតំបនមជ្ឈិមបូព៌ា បានចូលជាធរមានកាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយនឹងការដោះលែងចំណាប់ថ្នូរ ៣នាក់ដំបូងដោយក្រុមជីវពលហាម៉ាស់ ហើយអ្នកទោសប៉ាឡេស្ទីន ៩០នាក់ ត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល ។
មន្រ្តីជាន់ខ្ពស់ UNមួយរូប និយាយថា រថយន្តដឹកជំនួយមនុស្សធម៌ជិត ៩០០គ្រឿង បានចូលទៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអង្គារ ធ្វើឲ្យចំនួនរថយន្តសរុបចូលក្នុងដែនដីបិទច្រកមួយនេះ ក្នុងរយៈពេល ៣ថ្ងៃកន្លមកនេះ កើនឡើងដល់ជាង ២.៤០០គ្រឿង ៕