រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Yoshimasa Hayashi បាននិយាយនៅថ្ងៃពុធនេះថា វាគឺជាការចង់បានកាលដែលរដ្ឋបាលថ្មីសហរដ្ឋអាមេរិករបស់លោក Donald Trump ស្វាគមន៍ការវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត(AI)ដោយក្រុមហ៊ុនជប៉ុន ។
គួរឲ្យដឹងថា កាលពីថ្ងៃអង្គារម្សិលមិញ លោក Trump បានប្រកាសការវិនិយោគលើវិស័យឯកជនរហូតដល់ ៥០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធ AI ។
ក្រុមហ៊ុន OpenAI, SoftBank និងក្រុមហ៊ុន Oracle មានផែនការបណ្តាក់ទុនរួមគ្នា Stargate ដែលមានមូលដ្ឋាននៅរដ្ឋ Texas និងបានសន្យាទឹកប្រាក់១០០ពាន់លានដុល្លារដំបូង ហើយបន្ទាប់មករហូតដល់៥០០ពាន់លានដុល្លារសម្រាប់ Stargate ក្នុងរយៈពេល ៤ឆ្នាំ ខាងមុខ។
នាយកប្រតិបត្តិ SoftBank លោក Masayoshi Son លោកSam Altman របស់ក្រុមហ៊ុនOpenAI និងលោកLarry Ellison មកពីក្រុមហ៊ុនOracle បានចូលរួមជាមួយ លោក Trump នៅសេតវិមានសម្រាប់ការប្រកាសនេះ ។
លោក Hayashi និយាយនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងតូក្យូថា ពួកយើងមានជំនឿថា វានឹងអភិវឌ្ឍបន្ថែមទៀតទំនាក់ទំនងសេដ្ឋកិច្ចសហរដ្ឋអាមេរិក-ជប៉ុន ៕