អាហ្វហ្គានីស្ថាន៖ នេះគឺជាប្រទេសមួយដែលកំពុងចាប់ផ្ដើមមានអារម្មណ៍ ពីការភ័យខ្លាចដ៏ពិតប្រាកដនៃភាពអត់ឃ្លាន។ អាកាសធាតុកំពុងប្រែពីភាពក្តៅនៅដើមរដូវស្លឹកឈើជ្រុះទៅជាត្រជាក់ខ្លាំង។ តំបន់ជាច្រើនកំពុងរាយការណ៍ពីគ្រោះរាំងស្ងួត ដែលបន្ថែមពីលើអារម្មណ៍ភ័យខ្លាចនៃគ្រោះមហន្តរាយដែលកំពុងកើនឡើង។

នៅខេត្ត Maidan Wardak ស្ថិតនៅចម្ងាយ ៨០គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីកាប៊ុល ហ្វូងមនុស្សរាប់រយនាក់បានប្រមូលផ្ដុំដោយសង្ឃឹមថា នឹងទទួលបានម្សៅមីពីទីស្នាក់ការចែកចាយជំនួយផ្លូវការ។ ដោយម្សៅមីទាំងនោះត្រូវបានផ្ដល់ដោយកម្មវិធីស្បៀងអាហារពិភពលោក។ កាលពីដើមខែវិច្ឆិកានេះ អង្គការស្បៀងអាហារពិភពលោក (WFP) បានចាប់ផ្ដើមឧបត្ថម្ភប្រាក់ដល់ជនក្រីក្រនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ មនុស្សមកពីរាប់ពាន់គ្រួសារដោយគ្រួសារនិមួយៗទទួលបាន ៣,៥០០អាហ្វហ្គានីស្ថាន ប្រហាក់ប្រហែលនឹង ៣៣ដុល្លារអាមេរិកក្នុងមួយខែសម្រាប់រយៈពេល ៤ខែបន្ទាប់។
បុរសម្នាក់បាននិយាយថា អាកាសធាតុត្រជាក់រដូវរងាជិតចូលមកដល់ហើយ ខ្ញុំមិនដឹងថា តើខ្ញុំត្រូវឆ្លងកាត់ពេលវេលានេះយ៉ាងណាទេ ប្រសិនបើខ្ញុំមិនអាចធ្វើនំបុ័ងបានទេនោះ។ អង្គការនេះបានប្រឈមនឹងការកើនឡើងខ្ពស់នៃតម្រូវការផ្គត់ផ្គង់របស់ខ្លួន ដល់ប្រទេសអាហ្វហ្គានីស្ថានដើម្បីជួយដល់មនុស្សជាង ២២លាននាក់៕
អត្ថបទ៖ សុខមាន